ក្រុមហ៊ុន Tesla បានប្រកាសពីការបញ្ចុះតម្លៃរថយន្តអគ្គិសនីរបស់ខ្លួនយ៉ាងច្រើន នៅក្នុងប្រទេសចិន និងអាល្លឺម៉ង់ ពោលគឺបន្ទាប់ពីមានការប្រកាសកាត់បន្ថយតម្លៃរថយន្ត EV ដូចគ្នានេះ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ផងដែរ ចំពេលក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ កំពុងប្រឈមនឹងការលក់ធ្លាក់ចុះ និងការប្រកួតប្រជែងកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។
កាលពីថ្ងៃអាទិត្យ នៅក្នុងប្រទេសចិន ដែលជាទីផ្សារក្រៅប្រទេសដ៏ធំបំផុតរបស់ Tesla បានទម្លាក់តម្លៃលក់លើរថយន្តអគ្គិសនី Model 3 របស់ខ្លួន មកនៅត្រឹម ៣៤ ៥០០ដុល្លារ ពីតម្លៃដើម ៣៧ ០០០ដុល្លារ។
ដោយឡែក នៅក្នុងប្រទេសអាឡឺម៉ង់ ដែលជាទីផ្សារដ៏ធំបំផុតរបស់ក្រុមហ៊ុន Tesla នៅអឺរ៉ុប ក៏បានទម្លាក់តម្លៃរថយន្តអគ្គិសនី Model 3 មកនៅត្រឹម ៤៣ ៧០០ដុល្លារ ពីតម្លៃដើម ៤៥ ៨០០ដុល្លារ ផងដែរ។
គួរឲ្យដឹងផងដែរថា ការកាត់បន្ថយតម្លៃរថយន្តនៅក្នុងទីផ្សារដ៏សំខាន់ៗរបស់ខ្លួនទាំងពីរនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Tesla កាលពីថ្ងៃសុក្រសប្តាហ៍មុន បានប្រកាសកាត់បន្ថយតម្លៃរថយន្តរបស់ខ្លួន នៅក្នុងទឹកដីសហរដ្ឋអាមេរិក សម្រាប់ Model Y, Model X និង Model S របស់ខ្លួនផងដែរ។
ជម្រាបជូនផងដែរថា ក្រុមហ៊ុន Tesla បានប្រឈមមុខជាមួយនឹងស្ថានភាពច្របូកច្របល់ជាច្រើន បន្ទាប់ពីបានរាយការណ៍ពីការធ្លាក់ចុះនៃការលក់ប្រចាំត្រីមាស ជាលើកដំបូង ក្នុងរយៈពេលជិត ៤ឆ្នាំចុងក្រោយ និងថែមទាំងបានប្រកាសកាត់បន្ថយបុគ្គលិកជាង ១០% នៃកម្លាំងពលកម្មសរុបរបស់ខ្លួននៅទូទាំងពិភពលោក ផងដែរ៕