លោក Tran Qui Thanh ប្រធានក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេនៅវៀតណាម គឺក្រុមហ៊ុន Tan Hiep Phat និងកូនស្រីចំនួន ២រូប កំពុងត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ ក្រោយរងការចោទប្រកាន់ ទាក់ទងនឹងករណីរំលោភទំនុកចិត្ត និងឆបោកទឹកប្រាក់ប្រមាណ ៤១លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។
ក្នុងករណីរកឃើញថា ឪពុកកូន ៣រូបនេះ ពិតជាបានប្រព្រឹត្តអំពើឆបោកនេះមែន អ្នកទាំង៣ នឹងប្រឈមមុខ ជាមួយការផ្ដន្ទាទោសជាប់ពន្ធនាគារចន្លោះពី ១២ ទៅ ២០ឆ្នាំ។
រំលឹកបន្តិចថា ចន្លោះខែមករា ឆ្នាំ២០១៩ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០ ឪពុកកូន ៣រូបនេះ បានផ្ដល់ប្រាក់កម្ចីទៅកាន់មនុស្សជាច្រើន ជាមួយអត្រាការប្រាក់ ៣% ប្រចាំខែ តែជំនួសឲ្យកិច្ចសន្យាខ្ចីប្រាក់ ពួកគេបែរជាបន្លំធ្វើកិច្ចសន្យាទិញវត្ថុបញ្ចាំក្នុងតម្លៃទាបជាងទីផ្សារ ពីកូនបំណុលទៅវិញ។
បើទោះជាកូនបំណុលខ្លះ បានសងប្រាក់ទាំងដើមទាំងការក៏ដោយ តែលោក Thanh នៅតែរកលេសផ្សេងៗ មិនព្រមឲ្យវត្ថុបញ្ចាំទៅកាន់កូនបំណុលវិញនោះឡើយ ដោយអះអាងថា កូនបំណុលបានល្មើសកិច្ចសន្យា ដូច្នេះមិនអាចទទួលវត្ថុបញ្ចាំបានវិញឡើយ។
សូមជម្រាបដែរថា សំណុំរឿងមួយនេះត្រូវតុលាការលើកមកកាត់ក្ដីពីថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី២៥ ខែមេសាខាងមុខ ខណៈឪពុកកូន ៣រូបនេះ បានច្រានចោលរាល់ការចោទប្រកាន់ខាងលើ ស្របពេលការស៊ើបអង្កេតកំពុងមានការមមាញឹកជាខ្លាំង៕