ប្រទេសវៀតណាម បានក្លាយជាអ្នកផ្គត់ផ្គង់អង្ករធំបំផុតរបស់ប្រទេសសិង្ហបុរី ដោយបាននាំមុខប្រទេសឥណ្ឌា និងថៃ ពោលគឺក្ដោបក្ដាប់ចំណែកទីផ្សាររហូតដល់ ៣២% នៅត្រីមាសដំបូងនៃឆ្នាំនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា ការនាំចូលអង្កររបស់ប្រទេសសិង្ហបុរី នៅត្រីមាសទីមួយគឺមានរហូតដល់ ១១២,៩លានដុល្លារសាំងហ្គាពួរ កើនឡើងជិត ២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះផងដែរ វៀតណាមរ៉ាប់រងការផ្គត់ផ្គង់អង្ករ ៣៦,១៥លានដុល្លារសាំងហ្គាពួរ កើនឡើងរហូតដល់ ៨០,៥% ស្របពេលឥណ្ឌាផ្គត់ផ្គង់បាន ៣៣,៦៣លានដុល្លារសាំងហ្គាពួរ និងថៃ ៣៣,១៦លានដុល្លារសាំងហ្គាពួរ។
សូមជម្រាបដែរថា ក្រៅពីអង្ករធម្មតា វៀតណាមក៏កាន់កាប់ចំណែកទីផ្សារអង្ករដំណើបដល់ទៅ ៨០% និងអង្ករស្រូវក្រអូប ៧៣,៣% នៅប្រទេសសិង្ហបុរីថែមទៀត ខណៈគូប្រជែងធំៗរបស់វៀតណាមសព្វថ្ងៃនេះគឺមាន ថៃ ឥណ្ឌា និងជប៉ុន៕