ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ និងកូនប្រុស Gilbran Rakabuming Raka ដែលនឹងត្រូវក្លាយជាអនាគតអនុប្រធានាធិបតី បានបាត់បង់សមាសភាពជាសមាជិកគណបក្សនយោបាយធំបផុតនៅក្នុងប្រទេស បន្ទាប់ពីរកឃើញថា លោកបានគាំទ្រលោក Prabowo Subianto ដែលជាបេក្ខភាពតំណាងគណបក្សប្រឆាំង និងបានជាប់ឆ្នោតជាអនាគតប្រធានាធិបតី។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ការចាកចេញពីគណបក្សនយោបាយធំបំផុតនៅឥណ្ឌូណេស៊ី របស់លោក ចូកូ បានធ្វើឲ្យមានភាពរង្គោះរង្គើនៅឆាកនយោបាយក្នុងប្រទេស ដោយសារទង្វើរបស់មេដឹកនាំឥណ្ឌូណេស៊ី បង្ហាញពីការក្រាញអំណាច និងចង់គ្រប់គ្រងប្រទេសពីក្រោយខ្នង។
ជាមួយគ្នា លោក Komarudin Watubun ដែលជាប្រធានផ្នែកសីលធម៌នៃគណបក្សប្រជាធិបតេយ្យនៃការតស៊ូ បានអះអាងថា ឪពុកកូន ២រូបនេះ គឺមិនត្រូវបានបណ្ដេញចេញពីបក្សឡើយ តែពួកគេបាត់បង់សមាសភាពជាសមាជិកបក្ស បន្ទាប់ពីពួកគេសម្រេចចិត្ត មិនគាំទ្របេក្ខភាពតំណាងបក្ស លោក Ganjar Pranowo។
រំលឹកបន្តិចថា ដោយសារទទួលបានការគាំទ្រពីលោក ចូកូ វីដូដូ លោក Prabowo ទទួលបានសម្លេងគាំទ្ររហូតដល់ ៥៨% ឈ្នះគូប្រជែងលោក Ganjar ដែលទទួលបានត្រឹម ១៦% សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ។
សូមជម្រាបដែរថា លោក Prabowo នឹងធ្វើពិធីសម្បថចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ី នៅថ្ងៃទី២០ ខែតុលាខាងមុខ សម្រាប់អាណត្តិរយៈពេល ៥ឆ្នាំ៕