នាយករដ្ឋមន្ត្រីថៃ ស្នើសុំឲ្យធនាគារធំៗក្នុងស្រុកបន្ទាបអត្រាការប្រាក់ ដើម្បីជួយដល់សេដ្ឋកិច្ច

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin កាលពីថ្ងៃអង្គារ ទី២៣ ខែមេសា បានស្នើសុំឲ្យធនាគារធំៗនៅក្នុងស្រុកចំនួន៤ ធ្វើការទម្លាក់អត្រាការប្រាក់ ដើម្បីជួយគាំទ្រដល់អាជីវកម្មខ្នាតតូច និងសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការស្នើសុំនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Srettha បានជួបប្រជុំជាមួយនាយកប្រតិបត្តិនៃធនាគារធំជាងគេបំផុតទាំងបួនរបស់ប្រទេសថៃ មានដូចជា ធនាគារបាងកក ធនាគារ Kasikornbank ធនាគារ Krungthai និងធនាគារ SCBX ។

ទន្ទឹមនឹងនេះ លោក Srettha បានប្រាប់អ្នកយកព័ត៌មានថា៖ “ក្រុមងាយរងគ្រោះ ដូចជាអាជីវកម្មខ្នាតតូច មានបញ្ហាជាមួយនឹងអត្រាការប្រាក់ខ្ពស់ ហើយខ្ញុំបានស្នើឲ្យធនាគារធំៗទាំងបួនពិចារណាអំពីការកាត់បន្ថយអត្រាការប្រាក់”។

នាយករដ្ឋមន្ត្រីថៃរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា កិច្ចប្រជុំនេះ មិនមែនសំដៅលើការគាបសង្កត់ធនាគារទាំងនោះឡើយ ប៉ុន្តែដើម្បីស្នើសុំឲ្យពួកគេធ្វើការពិចារណាលើការផ្តល់ជំនួយ ទៅដល់ក្រុមដែលងាយគ្រោះ។

ជម្រាបជូនផងដែរថា កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីធនាគារកណ្តាល បានរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឲ្យនៅថេរ អំឡុងកិច្ចប្រជុំជាប់ៗគ្នាលើកទី៣ កាលពីថ្ងៃទី១០ ខែមេសា ដែលផ្ទុយទៅនឹងការអំពាវនាវរបស់នាយករដ្ឋមន្ត្រីថៃ ដើម្បីកាត់បន្ថយអត្រាការប្រាក់ ២៥ពិន្ទុ ពីកម្រិតមូលដ្ឋាន ២,៥%៕