សម្តេចធិបតី ស្នើឡាវរិះរកដំណោះស្រាយសមស្រប ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាឱ្យបានទាន់ពេល

សង្គម​ និង​សេដ្ឋកិច្ច អន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅកាន់បានស្នើឱ្យភាគីឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ដើម្បីធ្វើយ៉ាងណាអាចធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេលវេលា។ ការស្នើនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិស័យថាមពល មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសដើម្បីធានាឱ្យបាននូវសន្តិសុខថាមពល និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក ហើយសម្តេចធិបតី ក៏បានស្នើឱ្យភាគីឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ដើម្បីធ្វើយ៉ាងណាអាចធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេលផងដែរ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានអះអាងថា កម្ពុជានឹងខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន និងទទួលបានលទ្ធផលផ្លែផ្កាថែមទៀតក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យថាមពល ការតភ្ជាប់ កិច្ចការព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការការពារជាតិ និងសន្តិសុខ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរថែមទៀត។

ជាការឆ្លើយតបវិញ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឡាវ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ ខណៈលោកក៏នឹងរង់ចាំទទួលស្វាគមន៍ជានិច្ចចំពោះវត្តមានសម្ដេចធិបតី នៅប្រទេសឡាវនាពេលខាងមុខ ជាពិសេសក្នុងខណ:នៃការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន របស់សម្តេចធិបតី នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខ។

សូមរម្លឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​អនុម័ត​លើគម្រោង ទិញថាមពល​អគ្គិសនីផលិត​ដោយធ្យូងថ្ម ២៤០០មេហ្កា​វ៉ាត់ ​ពីប្រទេសឡាវ មកពីរោងចក្រ ចំនួនពីរកន្លែង ដែលត្រូវ​ផ្គត់​ផ្គង់​ថាម​ពលអគ្គិសនី​ផ្តាច់​​មុខ​មក​​កម្ពុជា​តែ​មួយ​គត់​ ដោយភ្ជាប់ផ្ទាល់ មកប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី​របស់​ក​ម្ពុជា។ គម្រោងវិនិយោគ​នេះ​មាន​ទំហំ​ទុន​​​​សរុប​​​ចំនួន ៤៩៧០លានដុល្លារអាម៉េរិក និងមាន​អា​ណ​ត្តិ​នៃកិច្ចព្រមព្រៀងទិញលក់អគ្គិសនី​រយៈពេល​៣០​ឆ្នំា​​​។

ការប្រកាសទិញអគ្គីសនីពីប្រទេសឡាវ ដោយសារតែ ​​​ការនំាចូលថាម​ពល​អគ្គិសនីពី​ប្រទេស​​ឡាវ ​​មាន​លក្ខណៈ អនុគ្រោះ ទាំងថ្លៃ ទំាងបរិ​មា​ណ និង​លក្ខខណ្ឌ​ទិញ​​​លក់​​​​ល្អ​ប្រសើរ ហើយ​មាន​សុវត្ថិភាព​យូរ​អង្វែង​ បើធៀបនឹងប្រទេសដទៃ៕ អត្ថបទ៖ រង្សី