ក្រុមហ៊ុនខ្នាតយក្សអាមេរិក Apple បានបាត់បង់តំណែងជាអ្នកលក់ទូរស័ព្ទបានច្រើនបំផុតនៅប្រទេសចិន ពោលគឺស្ថិតនៅលេខរៀងទី៣ នាំមុខដោយក្រុមហ៊ុន Huawei ឈរនៅលេខ២ និងក្រុមហ៊ុន Vivo ជាអ្នកដណ្ដើមម្កុដពីក្រុមហ៊ុន Apple។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រៅពីការលក់មានការថយចុះ ការនាំចេញទូរស័ព្ទ iPhone ទៅប្រទេសចិន ក៏មានការថមថយខ្លាំងផងដែរ ដោយនៅត្រីមាសដំបូងនៃឆ្នាំនេះ Apple នាំចេញទូរស័ព្ទ iPhone ទៅចិនតិចជាងឆ្នាំទៅដល់ទៅ ១៩% ខណៈវាគឺកំណត់ត្រាអាក្រក់បំផុតមួយរបស់ក្រុមហ៊ុនតាំងពីឆ្នាំ២០២០ មក។
ក្រៅពីការនាំចេញទៅចិនមានការថយចុះ ការនាំចេញជាសកលរបស់ Apple ក៏ធ្លាក់ចុះដូចគ្នា ដោយនៅត្រីមាសទីមួយនេះ ការនាំចេញទូរស័ព្ទ iPhone ទូទាំងពិភពលោក មានការថយចុះប្រហែល ១០% ឯណោះ។
គួសរំលឹកបន្តិចថា ដោយសារចិនគឺជាប្រភពចំណូលធំបំផុតមួយរបស់ក្រុមហ៊ុន Apple ដូច្នេះហើយក្រុមហ៊ុនខាតបង់ច្រើនណាស់ ក្រោយការលក់នៅទីនោះមានការធ្លាក់ចុះ ហើយមួយរយៈចុងក្រោយ គេសង្កេតឃើញថា CEO ក្រុមហ៊ុនខ្នាតយក្សអាមេរិកគឺលោក Tim Cook ឧស្សាហ៍ឡើងចុះទៅប្រទេសចិន និងមានក្ដីរំពឹងទុកថា លោកកំពុងរិះរកដំណោះស្រាយសម្រាប់បញ្ហាមួយនេះ៕