នៅក្នុងការស្ទង់មតិទៅលើអ្នកដំណើររបស់អង្គការវាយតម្លៃការដឹកជញ្ជូនតាមផ្លូវអាកាសរបស់ចក្រភពអង់គ្លេស Skytrax ដោយរាប់ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ បានបង្ហាញថា អាកាសយានដ្ឋានរបស់សិង្ហបុរី Changi ជាប់ឈ្មោះជាសេវាកម្មអន្តោប្រវេសន៍ព្រលានយន្តហោះដ៏ល្អបំផុតលើលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

តាមរយៈ Skytrax ដដែលបានបង្ហាញថា អាកាសយានដ្ឋាន Zurich របស់ប្រទេសស្វីសបានជាប់ចំណាត់ថ្នាក់លេខ២ តាមពីក្រោយដោយអាកាសយានដ្ឋានអន្តរជាតិបារ៉ែនរបស់ប្រទេសបារ៉ែន និងអាកាសយានដ្ឋាន Seoul Incheon ក្នុងប្រទេសកូរ៉េខាងត្បូង។
លើសពីនោះ ក្នុងចំណាត់ថ្នាក់កំពូលទាំង១០ ក៏រួមមានផងដែរនូវអាកាសយានដ្ឋានអន្តរជាតិតៃវ៉ាន់ Taoyuan, អាកាសយានដ្ឋាន Helsinki ក្នុងប្រទេសហ្វាំឡង់, អាកាសយានដ្ឋានអន្តរជាតិ Hamad ក្នុងប្រទេសកាតា, អាកាសយានដ្ឋានហុងកុង, អាកាសយានដ្ឋានអន្តរជាតិ Muscat ក្នុងប្រទេសអូម៉ង់ និងអាកាសយានដ្ឋាន Rome-Fiumicino ក្នុងប្រទេសអ៊ីតាលី។

គួរបញ្ជាក់ថា Changi របស់សិង្ហបុរីជាប់ចំណាត់ថ្នាក់កំពូលដូច្នេះ ក៏ដោយហេតុថាអាកាសយានដ្ឋាននេះ ផ្តល់ជូននូវការ Check in និងចុះឈ្មោះចូលដោយស្វ័យប្រវត្តិ ព្រមទាំងមានប្រព័ន្ធផ្ទៀងផ្ទាត់ជីវមាត្រ និងបញ្ញាសិប្បនិម្មិតដើម្បីដឹកជញ្ជូនអីវ៉ាន់។ ម៉្យាងវិញទៀត វាក៏មានភាពល្បីល្បាញផងដែរចំពោះសេវាកម្ម ព្រមទាំងមានបរិក្ខារ និងហាងទំនើបល្បីៗ ហើយលើសពីនោះក៏មានទាំងដើមឈើ និងទឹកធ្លាក់ប្រៀបប្រដូចទៅនឹងជីវិតដែលកំពុងរស់នៅក្នុងព្រៃប្រឹក្សាអញ្ចឹង៕
