កាលពីថ្ងៃទី២៣ ខែមេសា គណៈប្រតិភូកូរ៉េខាងជើង ដឹកនាំដោយរដ្ឋមន្ត្រីទំនាក់ទំនងសេដ្ឋកិច្ចខាងក្រៅ លោក Yun Jong Ho បានធ្វើដំណើរចាកចេញពីទីក្រុងព្យុងយ៉ាង តាមរយៈផ្លូវអាកាស ដើម្បីធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់។
យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា វាគឺជាដំណើរទស្សនកិច្ចដ៏កម្របំផុតមួយ ដែលកូរ៉េខាងជើងបញ្ជូនមន្ត្រីទៅបំពេញទស្សនកិច្ចនៅអ៊ីរង់ ខណៈមានការសង្ស័យថា ប្រទេសទាំង២នេះ គឺមានទំនាក់ទំនងយ៉ាងសំងាត់ ជាមួយនឹងការផលិតអាវុធយោធា។
គួររំលឹកបន្តិចថា កូរ៉េខាងជើង និងអ៊ីរ៉ង់ ត្រូវបានគេសង្ស័យថា មានឃុបឃិតលួចផលិតអាវុធនុយក្លេអ៊ែរ ហើយដំណើរទស្សនកិច្ចនេះ គឺអាចជាការបំភ័ន្តភ្នែកមហាជន ដោយកូរ៉េខាងជើងបានបញ្ជូនអ្នកជំនាញ និងផ្គត់ផ្គង់ឧបករណ៍មួយចំនួនទៅកាន់ភាគីអ៊ីរ៉ង់។
សូមជម្រាបបន្ថែមថា ប៉ុន្មានខែចុងក្រោយនេះ កូរ៉េខាងជើងបានបញ្ជូនមន្ត្រីរបស់ខ្លួន ទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេសញឹកញាប់ខុសធម្មតា ពោលកាលពីដើមខែនេះ ទើបបញ្ជូនគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីថែមទៀត៕