នៅប្រទេសចិន ក្បាច់គុនគឺមានច្រើនប្រភេទណាស់ ក៏ប៉ុន្តែក្បាច់គុនសៅលីង គឺជាគុនចំណាស់ជាងគេបំផុតមួយ ហើយក្រៅពីមានអានុភាពខ្លាំងពូកែ វាក៏មានអត្ថប្រយោជន៍ច្រើនអាចជួយដល់សុខភាពអ្នកហាត់គុនផងដែរ។

ដូច្នេះហើយទើបគេសង្កេតឃើញថា គ្រប់សង្ឃសៅលីងទាំងអស់សុទ្ធតែមានរូបរាងធំៗ និងមានសុខភាពមាំទាំ ទាំងចាស់ទាំងក្មេង ដោយសារតែសង្ឃទាំងអស់នោះបានប្រកាន់ខ្ជាប់នូវការហាត់ក្បាច់គុនសៅលីងនេះឯង។
យោងតាមការចុះផ្សាយពីគេហទំព័រ Chineseshaolins បានបង្ហាញថា ក្បាច់គុនសៅលីង ក្រៅពីបង្ហាត់ឲ្យចេះការពារខ្លួន វាក៏ជួយបង្ហាត់ការចិត្តគំនិតរបស់មនុស្ស ដោយបង្រៀនឲ្យចេះគ្រប់គ្រងអារម្មណ៍ មានការតស៊ូ អត់ធ្មត់ជាដើម ព្រោះថាការហាត់ក្បាច់គុណសៅលីង ទាមទារឲ្យមានចិត្តអំណត់ខ្លាំងមែនទែន។
បន្ថែមពីនោះ ក្បាច់គុនសៅលីងក៏មានវិន័យរបស់គេផងដែរ ដោយសង្ឃសៅលីងគ្រប់អង្គមានទម្លាប់ និងវិន័យ ៧យ៉ាងធំៗ អំឡុងពេលហាត់ក្បាច់គុនសៅលីង ដែលមានដូចជា៖
១/សុខភាពគឺត្រូវចាត់ទុកជាអាទិភាព
២/អំណាចនៃការប្ដេជ្ញាចិត្ត
៣/ចេះគ្រប់គ្រងអារម្មណ៍ និងតាំងសមាធិ
៤/មានរបៀបរបបក្នុងការទទួលទានអាហារ
៥/ត្រូវយកគុណភាពច្រើនជាងបរិមាណ
៦/ទម្លាប់អាក្រក់ តែងតែផ្ដល់នូវភាពអវិជ្ជមាន
៧/ចេះស្វែងរកសេចក្ដីស្ងប់ដោយខ្លួនឯង
សូមជម្រាបដែរថា នៅថ្ងៃទី២៤ ខែមេសានេះ ក៏មានការសម្ដែងក្បាច់គុនសៅលីង រួមគ្នាជាមួយក្បាច់គុនល្បុកតោខ្មែរយើង នៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ផងដែរ៕




