យោងតាមការចុះផ្សាយពីកាសែត Wall Street Journal បានបង្ហាញឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងរៀបចំការដាក់ទណ្ឌកម្មថ្មីមួយដែលអាចឈានទៅដល់ការដកធនាគារចិនមួយចំនួន ចេញពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ប្រសិនបើរកឃើញថាពួកគេបានជួយដល់ប្រទេសរុស្ស៊ី ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។
ជុំវិញការព្រមានបែបនេះ បានកើតឡើង នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ក្នុងគោលបំណងដើម្បីបញ្ឈប់ការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ប្រទេសចិន សម្រាប់ការផ្តល់ជំនួយដល់ការផលិតអាវុធយោធារបស់រុស្ស៊ី។
គួរឲ្យដឹងផងដែរថា លោក Blinken កាលពីថ្ងៃសុក្រ ទី១៩ ខែមេសាកន្លងទៅ បានធ្វើការរិះគន់ចំៗចំពោះការគាំទ្ររបស់ចិន សម្រាប់ឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ដោយអះអាងថារដ្ឋាភិបាលទីក្រុងប៉េកាំងគឺជាអ្នករួមចំណែកចម្បង នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន តាមរយៈការផ្តល់គ្រឿងបន្លាស់សំខាន់ៗសម្រាប់ផលិតសព្វាវុធ។
ជម្រាបជូនទៀតផងដែរថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីអាមេរិកបានបង្កើនសម្ពាធទៅលើប្រទេសចិន ដោយព្រមានថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គឺត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការប្រឆាំងនឹងស្ថាប័នហិរញ្ញវត្ថុរបស់ចិនណាមួយដែលជួយសម្របសម្រួលពាណិជ្ជកម្មលើទំនិញដែលបម្រើផលប្រយោជន៍ដល់ជនស៊ីវិល និងយោធារបស់រុស្ស៊ី៕