យោងតាមក្រសួងទេសចរណ៍ និងកីឡា បានបង្ហាញឲ្យដឹងថា រយ:ពេលបីសប្តាហ៍នៃពិធីបុណ្យសង្ក្រាន្ត ឆ្នាំនេះ អាចរកបានប្រាក់ចំណូលពីវិស័យទេសចរណ៍ហ្រហែល ១៤០ពាន់លានបាត ឬស្មើនឹង ៣,៧៨ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
ប្រាក់ចំណូលពីពិធីបុណ្យសង្ក្រាន្តដែលធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ហាក់មានការកើនឡើងខ្លាំង ពោលគឺលើសពីតួលេខដែលបានព្យាករទុកចំនួន ១៣២ពាន់លានបាត ។នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោកស្រី Sudawan Wangsupakitkosol បាននិយាយនៅថ្ងៃពុធ ទី២៤ ខែមេសាកន្លងទៅ។
អ្នកស្រី Sudawan បានបញ្ជាក់ទៀតថា ក្នុងចំណោមប្រាក់ចំណូលសរុប ការស្នាក់នៅទទួលបានចំនួន ៤២,០៦ពាន់លានបាត អាហារ និងភេសជ្ជៈ ទទួលបាន ៣៣,០៦ពាន់លានបាត ទំនិញ និងវត្ថុអនុស្សាវរីយ៍ ទទួលបាន ២៦,៨៣ពាន់លានបាត ការធ្វើដំណើរ ទទួលបាន ១៥,៥០ពាន់លានបាត ការកម្សាន្ត ទទួលបាន ១៤,៧៥ពាន់លានបាត សេវាកម្មទេសចរណ៍ ៥,៨៦ពាន់លានបាត និងការចំណាយផ្សេងទៀត ២,២៣ពាន់លានបាត។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញឲ្យដឹងទៀតថា ក្នុងរយៈពេល ២១ថ្ងៃ នៃពិធីបុណ្យសង្រ្កាន្ត ភ្ញៀវទេសចរបរទេសសរុបចំនួន ១ ៩២៦ ៤៤៣ នាក់ បានធ្វើដំណើរមកកាន់ប្រទេសថៃ ពោលគឺកើនឡើង ៣៧,៥៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕