ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយដែលនឹងហាមឃាត់កម្មវិធី TikTok នៅក្នុងទឹកដីសហរដ្ឋអាមេរិកទាំងស្រុង ប្រសិនបើក្រុមហ៊ុនមេរបស់ពួកគេ គឺ ByteDance មិនព្រមលក់ភាគហ៊ុន ក្នុងរយ:ពេលតិចជាងមួយឆ្នាំខាងមុខទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TechCrunch។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិកផងដែរ ក្នុងការបោះឆ្នោតមួយកាលពីល្ងាចថ្ងៃអង្គារ ដោយតម្រូវឲ្យម្ចាស់ក្រុមហ៊ុនចិន ByteDance ធ្វើការដកប្រតិបត្តិការរបស់កម្មវិធី TikTok ចេញពីសហរដ្ឋអាមេរិក ឬក៏ត្រូវលក់ភាគហ៊ុនចោល នៅក្នុងរយ:ពេល៩ខែ។
ជុំវិញការអនុម័តទៅលើច្បាប់ថ្មីខាងលើនេះ ខាងក្រុមហ៊ុន TikTok ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា ៖ ” យើងនៅតែជឿជាក់លើការពិត ហើយច្បាប់ច្បាស់ជានៅខាងយើង។ ការពិតនោះគឺថា យើងបានបណ្តាក់ទុនរាប់ពាន់លានដុល្លារ ដើម្បីរក្សាទិន្នន័យរបស់ប្រជាជនអាមេរិកឲ្យមានសុវត្ថិភាព និងវេទិការបស់យើងដោយគ្មានការជះឥទ្ធិពល និងឧបាយកលពីខាងក្រៅនោះឡើយ”។
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិ TikTok លោក Shou Zi Chew ក៏បានចែករំលែកចំពោះការឆ្លើយតបរបស់ខ្លួន ដោយហៅការអនុម័តច្បាប់ថ្មីនេះ គឺជារឿងដ៏គួរឲ្យខកចិត្តបំផុតមួយ និងថែមទាំងបានបញ្ជាក់ថា TikTok នឹងបន្តធ្វើគ្រប់បែបយ៉ាងដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការអនុម័តច្បាប់នេះ ។
ជម្រាបជូនផងដែរថា TikTok បានចំណាយពេលប៉ុន្មានខែចុងក្រោយនេះ ដោយលើកហេតុផលថាវេទិការបស់ខ្លួន ពិតជាមានសារៈសំខាន់សម្រាប់អ្នកបង្កើតមាតិកា និងអាជីវកម្មខ្នាតតូចជាច្រើនរាប់មិនអស់នៅសហរដ្ឋអាមេរិក ខណ:ក្រុមហ៊ុនក៏បានលើកឡើងអំពីផលប៉ះពាល់ដល់សេដ្ឋកិច្ចផងដែរ ដោយបង្ហាញថា TikTok អាចផ្តល់ចំណូលដល់ទៅ ១៤,៧ពាន់លានដុល្លារឯណោះ សម្រាប់ក្រុមហ៊ុនរាប់ពីខ្នាតតូចដល់មធ្យម នៅសហរដ្ឋអាមេរិក៕