ក្រុមហ៊ុន Mercedes Benz បេ្តជ្ញាបន្តការវិនិយោគក្នុងប្រទេសចិនបន្ថែមទៀត ទោះបីការលក់ធ្លាក់ចុះ

អន្តរជាតិ

ប្រធានក្រុមហ៊ុន Mercedes Benz ក្នុងប្រទេសចិន លោក Hubertus Troska បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសានេះថា ក្រុមហ៊ុនរបស់ខ្លួន នឹងបន្តវិនិយោគក្នុងការចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនដៃគូចិន ដូចជា Baidu បន្ថែមទៀត ដោយកត់សម្គាល់ថាប្រទេសចិនមានសារៈសំខាន់ចំពោះយុទ្ធសាស្ត្រទីផ្សារសកលរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Mercedes Benz បែបនេះបានកើតឡើង នៅពេលដែលលោក Troska បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងថ្ងៃបើកការដាក់តាំងបង្ហាញរថយន្តនៅទីក្រុងប៉េកាំង ដែលត្រូវបានចូលរួមដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុនខ្នាតយក្សចិន Baidu លោក Robin Li ផងដែរ។

ក្នុងអំឡុងពិធីដាក់តាំងបង្ហាញរថយន្តដ៏ធំប្រចាំឆ្នាំនោះ នាយកប្រតិបត្តិលោក Troska ក៏បានបញ្ជាក់បន្ថែមទៀតថាក្រុមហ៊ុន Mercedes នឹងដាក់លក់រថយន្តអគ្គិសនីប្រភេទ G-class របស់ខ្លួនជាលើកដំបូង នៅក្នុងប្រទេសចិននៅឆ្នាំនេះផងដែរ។

ជម្រាបជូនផងដែរថា Mercedes ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តបរទេសធំៗជាច្រើនទៀតដែលកំពុងព្យាយាមកំណត់ឡើងវិញនូវយុទ្ធសាស្ត្ររបស់ខ្លួន នៅក្នុងទីផ្សាររថយន្តនៅក្នុងប្រទេសចិន ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងពីសំណាក់ក្រុមហ៊ុនរថយន្តក្នុងស្រុក ខណ:នៅក្នុងត្រីមាសទីមួយ ការលក់រថយន្តរបស់ក្រុមហ៊ុន Mercedes នៅក្នុងប្រទេសចិនបានធ្លាក់ចុះដល់ទៅ ១២% ឯណោះ៕