កាលពីថ្ងៃទី២៥ ខែមេសា តុលាការបានសម្រេចផ្ដន្ទាទោសមហាសេដ្ឋីវៀតណាមមួយរូប គឺលោក Tran Qui Thanh ឲ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ បន្ទាប់ពីរកឃើញថា បានធ្វើការឆបោកទឹកប្រាក់ជាង ៤០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

អគ្គនាយកក្រុមហ៊ុនភេសជ្ជៈ Tan Hiep Phat រូបនេះ គឺបានបង្កើតប្រព័ន្ធឆបោកទ្រង់ទ្រាយធំ ដោយមានការរួមគំនិតពីកូនស្រីចំនួន ២រូបទៀតគឺអ្នកនាង Tran Uyen Phuong និងអ្នកនាង Tran Ngoc Bich ដែលបានផ្ដល់ប្រាក់កម្ចីទៅមនុស្សរាប់រយនាក់ ហើយក្លែងបន្លំលិខិតបញ្ចាំ ជាកិច្ចសន្យាទិញទ្រព្យបញ្ចាំទាំងនោះក្នុងតម្លៃទាបជាងទីផ្សារទៅវិញ។
បន្ទាប់ពីតុលាការរកឃើញថា អ្នកទាំង៣ ពិតជាបានប្រព្រឺត្តអំពើឆបោកមែន តុលាការក៏ប្រកាសផ្ដន្ទាទោសឪពុកឲ្យជាប់ពន្ធនាគារ ៨ឆ្នាំ កូនស្រីច្បងជាប់ពន្ធនាគារ ៤ឆ្នាំ រីឯកូនស្រីប្អូនទទួលបានការពន្យារពេលជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ។
សូមជម្រាបដែរថា មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលវៀតណាម កំពុងសម្រុកលុបបំបាត់អំពើពុករលួយពាសពេញប្រទេស និងរកឃើញថា មានបុគ្គលច្រើនជាង ៤ ៤០០នាក់ មានជាប់ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្ម ដោយក្នុងនោះក៏មានមន្ត្រីជាន់ខ្ពស់ និងធុរកិច្ចជនមានមុខមាត់ផងដែរ៕