ក្រុមហ៊ុន Toyota Motor Corp បានប្រកាសកាលពីថ្ងៃទី២៥ ខែមេសាថា ពួកគេនឹងបន្ថែមការវិនិយោគប្រមាណ ១,៤ពាន់លានដុល្លារ នៅរោងចក្ររបស់ខ្លួនក្នុងទីក្រុង Princeton ក្នុងរដ្ឋ Indiana ដើម្បីត្រៀមផលិតរថយន្តអគ្គិសនីប្រភេទ SUV។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ការវិនិយោគចុងក្រោយនេះ បានបង្កើនទំហំវិនិយោគសរុបរបស់ក្រុមហ៊ុន Toyota នៅរដ្ឋ Indiana រហូតដល់ ៨ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារដល់ ៣៤០កន្លែងថែមទៀត។
គួររំលឹកបន្តិចថា បច្ចុប្បន្នរោងចក្ររថយន្ត Toyota នៅរដ្ឋ Indiana គឺមានបុគ្គលិកប្រហែល ៧ ៥០០នាក់ ដែលនៅទីនោះគឺជាទីតាំងផលិតរថយន្តច្រើនប្រភេទដូចជា Sienna, Highlander, Grand Highlander និង Lexus TX ជាដើម។
ជម្រាបបន្ថែមទៀតថា កាលពីដើមសប្ដាហ៍ ក្រុមហ៊ុនខ្នាតយក្សជប៉ុនមួយនេះបានអះអាងថា អត្រាលក់រថយន្តរបស់ពួកគេជាសកលត្រីមាសទីមួយ គឺបានឈានដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មានថែមទៀត៕