ក្រុមហ៊ុនរថយន្ត Honda Motor បានប្រកាសពីគោលបំណងចាយលុយប្រមាណ ១១ពាន់លានដុល្លារ ក្នុងការសាងសង់រោងចក្រផលិតអាគុយ និងរថយន្តអគ្គិសនី ខណៈវានឹងក្លាយជាការវិនិយោគធំបំផុត របស់ក្រុមហ៊ុនជប៉ុននៅប្រទេសកាណាដា។

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា ព័ត៌មានអំពីផែនការវិនិយោគទ្រង់ទ្រាយធំនេះ គឺត្រូវបានប្រកាសរួមគ្នាពីថ្នាក់ដឹកនាំក្រុមហ៊ុន និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ដែលបានបង្ហាញពីឆន្ទៈក្រុមហ៊ុន Honda ក្នុងការពង្រីកវិសាលភាព ទីផ្សាររថយន្តអគ្គិសនីនៅទ្វីបអាមេរិកខាងជើង។
ដំណើរការផលិតកម្មរបស់រោងចក្រ Honda នៅកាណាដានេះ ត្រូវបានគេរំពឹងទុកថា នឹងចាប់ផ្ដើមនៅឆ្នាំ២០២៨ ហើយវាមានសមត្ថភាពផលិតរថយន្តបានដល់ទៅ ២៤០ ០០០គ្រឿងក្នុងមួយឆ្នាំ។
សូមជម្រាបដែរថា ផែនការវិនិយោគមួយនេះក៏មានការចូលរួមពីក្រុមហ៊ុនដទៃដូចជា ក្រុមហ៊ុន Ontario ដែលគ្រប់គ្រងដោយរដ្ឋាភិបាលកាណាដាផងដែរ គ្រាន់តែថា Honda មានចំណែកធំរហូតដល់ ៦០-៧០% ឯណោះ៕