អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដ៏មានឥទ្ធិពល កំពុងស្ថិតក្រោមការស៊ើបអង្កេតរឿងពុករលួយជាមួយកូនប្រុស

អន្តរជាតិ

គណៈកម្មការប្រយុទ្ធប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានលើកឡើងថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad កំពុងតែស្ថិតនៅក្នុងចំណោមបុគ្គលដែលត្រូវស៊ើបអង្កេត ទាក់ទិននឹងអំពើពុករលួយដែលពាក់ព័ន្ធនឹងកូនប្រុសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២៥ ខែមេសាប្រធានស្នងការរបស់ MACC លោក Azam Baki បានបដិសេធមិនបញ្ជាក់លម្អិតឲ្យច្បាស់លាស់ អំពីការស៊ើបអង្កេតទៅលើលោក Mahathir ឬកូនប្រុសរបស់គាត់នោះទេ ក៏ប៉ុន្តែបានប្រាប់អ្នកសារព័ត៌មានតាមទូរទស្សន៍ថា៖ “សូមអនុញ្ញាតឲ្យការស៊ើបបានបញ្ចប់រួចរាល់ជាមុនសិន រហូតដល់ពេលវេលាណាមួយសមស្រប អាចឲ្យពួកយើងបញ្ជាក់ពីភាពពិតក្នុងករណីនេះបាន”។

យ៉ាងណា ការបន្តសង្ស័យលើអតីតមេដឹកនាំរូបនេះយ៉ាងដូច្នេះ ក៏ដោយសារតែកាលពីខែមករាកន្លងទៅ MACC បានជូនដំណឹងទៅដល់កូនប្រុសរបស់លោក Mahathir គឺលោក Mirzan និងលោក Mokhzani ឲ្យធ្វើការប្រកាសទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីស៊ើបអង្កេតលើកំណត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ ទ្រព្យសម្បត្តិទាំងក្នុង និងក្រៅប្រទេស រួមទាំងអាជីវកម្មផ្សេងៗផងដែរ។

គួរជម្រាបទៀតថា ការស៊ើបអង្កេតនេះ កើតឡើងចំពេលដែលមានការបង្ក្រាបកាន់តែទូលំទូលាយលើបញ្ហាអំពើពុករលួយ ដែលពាក់ព័ន្ធនឹងឥស្សរជននយោបាយជាន់ខ្ពស់ រួមទាំងអ្នកស្និទ្ធស្នាលនឹងមេដឹកនាំជើងចាស់វ័យ ៩៨ឆ្នាំលោក Mahathir ដែលត្រូវបានគេស្គាល់ទៀតថា ជាគូប្រជែងដ៏ស្វិតស្វាញនៅលើឆាកនយោបាយជាយូរមកហើយ ជាមួយនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក Anwar Ibrahim ៕