យោងតាមអគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញឲ្យដឹងថា ការនាំចេញបន្លែ និងផ្លែឈើរបស់ប្រទេសវៀតណាម ទទួលបានប្រាក់ចំណូលសរុបចំនួនជាង ១,៨ពាន់លានដុល្លារ ក្នុងរយ:ពេល ៤ខែដំបូង ឆ្នាំ២០២៤ នេះ ពោលគឺបានកើនឡើង ៣២,៩% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua។
ក្នុងអំឡុងពេលនោះ ប្រទេសចិន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងថៃ គឺជាប្រទេសដែលបាននាំចូលបន្លែ និងផ្លែឈើច្រើនជាងគេបំផុតរបស់ប្រទេសវៀតណាម។
ប្រភពខាងលើក៏បានបន្ថែមឲ្យដឹងទៀតថា នៅក្នុងខែមេសាតែមួយ ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម ត្រូវបានគេប៉ាន់ប្រមាណថានឹងមានតម្លៃសរុប ៥៣៩,៨លានដុល្លារ កើនឡើងជិត ១៤,៩% បើធៀបនឹងខែមីនា និង ៣៧,៨% ធៀបនឹងឆ្នាំមុន។
ទីភ្នាក់ងារពាណិជ្ជកម្មបរទេសដែលស្ថិតនៅក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបង្ហាញក្តីរំពឹងទៀតថា ការនាំចេញផ្លែឈើ និងបន្លែ រួមទាំងផ្លែទុរ៉េនដែលជាទំនិញដ៏សំខាន់នោះ នឹងកើនឡើងកាន់តែច្រើននៅឆ្នាំនេះ ដោយសារតែកូដនៃតំបន់ដាំដុះ និងកន្លែងវេចខ្ចប់អាចត្រូវបានទទួលស្គាល់ជាផ្លូវការដែលវាបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញទៅក្រៅប្រទេស៕