សារព័ត៌មាន Reuters បានចុះផ្សាយថា ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាអ្នកគ្រប់គ្រងទីក្រុងឌូបៃព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid al-Maktoum បានយល់ព្រមលើការពង្រីកចំណតអ្នកដំណើរថ្មី នៅអាកាសយានដ្ឋានអន្តរជាតិ Al Maktoum តម្លៃ ៣៤,៨៥ពាន់លានដុល្លារ។
ព្រះអង្គម្ចាស់បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិ Al Maktoum នឹងក្លាយជាអាកាសយានដ្ឋានធំជាងគេបំផុតនៅលើពិភពលោក និងធំជាងអាកាសយានដ្ឋានអន្តរជាតិឌូបៃដល់ទៅ ៥ដង ព្រមទាំងមានសមត្ថភាពអាចផ្ទុកអ្នកដំណើរបានរហូតដល់ទៅចំនួន ២៦០លាននាក់ ។ ម្យ៉ាងវិញទៀត ប្រតិបត្តិការទាំងអស់នៅអាកាសយានដ្ឋានឌូបៃ នឹងត្រូវផ្ទេរទៅអាកាសយានដ្ឋាន Al Maktoum នារយៈពេលប៉ុន្មានឆ្នាំខាងមុខ។
មិនត្រឹមតែប៉ុណ្ណោះ អាកាសយានដ្ឋាន Al Maktoum ក៏នឹងរួមបញ្ចូលច្រកទ្វារស្ថានីយចំនួន ៤០០ច្រក និងផ្លូវរត់ចំនួន ៥ខ្សែ ខណៈអាកាសយានដ្ឋាននេះ ក៏នឹងក្លាយជាផ្ទះថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates និងក្រុមហ៊ុនអាកាសចរណ៍ Flydubai ផងដែរ។
ទន្ទឹមនឹងនោះ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយទីក្រុងឌូបៃ បានដកស្រង់សម្តីរបស់នាយកប្រតិបត្តិនៃអាកាសយានដ្ឋានឌូបៃលោក Paul Griffiths យ៉ាងដូច្នេះថា ការផ្លាស់ប្តូរព្រលាននឹងពង្រឹងនូវជំហររបស់ទីក្រុងឌូបៃ ជាមជ្ឈមណ្ឌលអាកាសចរណ៍ឈានមុខគេនៅលើឆាកអន្តរជាតិ៕