រដ្ឋមន្ត្រីការបរទេសថៃលាលែងពីតួនាទី ក្រោយរបូតតំណែងជាឧបនាយករដ្ឋមន្ត្រី

អន្តរជាតិ

រដ្ឋាភិបាលថៃកាលពីថ្ងៃទី២៨ ខែមេសាបានលើកឡើងថា រដ្ឋមន្ត្រីការបរទេសថៃលោក Parnpree Bahiddha-Nukara បានសម្រេចលាលែងចេញពីតួនាទីរដ្ឋមន្ត្រីការបរទេស បន្ទាប់ពីរូបលោកបានរបូតតំណែងជាឧបនាយករដ្ឋមន្ត្រី អំឡុងការរុះរើគណៈរដ្ឋមន្ត្រីនាពេលកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាននិយាយថា នាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន បានទទួលយល់ព្រមលិខិតលាលែងពីតំណែងរបស់លោក Parnpree ហើយ។ លោកបន្ថែមទៀតថា ការលាលែងពីតំណែងរបស់លោក Parnpree នឹងមិនប៉ះពាល់ដល់ការងាររបស់រដ្ឋាភិបាលក្នុងកិច្ចការបរទេសនោះទេ ព្រោះលេខាធិការអចិន្ត្រៃយ៍របស់ក្រសួងការបរទេស និងមន្ត្រីអាចធ្វើការជំនួសបាន។

ទន្ទឹមនឹងនោះ បើយោងតាមលិខិតលាលែង ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Parnpree បានលើកឡើងថា ការដកតំណែងឧបនាយករដ្ឋមន្ត្រីរបស់លោកយ៉ាងដូច្នេះ មិនមែនដោយសារតែការងារធ្វើមិនបានល្អនោះទេ​ ផ្ទុយទៅវិញរូបគាត់ផ្ទាល់ធ្វើបានល្អខ្លាំងណាស់​ ព្រមទាំងបានជួយលើកកំពស់មុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិថែមទៀតផង។

គួរជម្រាបផងដែរថា ការលាលែងចេញពីតំណែងរបស់លោកបែបនេះ បានធ្វើឲ្យក្រសួងការបរទេសមានភាពស្រពិចស្រពិល ដ្បិតអីកន្លងមកលោកបានធ្វើកិច្ចការជាច្រើន តួយ៉ាងកាលពីខែមុន លោកបានស្វែងរកការត្រួសត្រាយផ្លូវសម្រាប់កិច្ចពិភាក្សា ពាក់ព័ន្ធនឹងវិវាទអស្ថិរភាពដែលបង្កឡើងដោយរដ្ឋប្រហារមីយ៉ាន់ម៉ា និងក៏ជាអ្នកធានាលើការដោះលែងចំណាប់ខ្មាំងថៃរាប់សិបនាក់ ដែលត្រូវបានចាប់ខ្លួនពីសំណាក់ក្រុមហាម៉ាសនៅហ្គាហ្សាផងដែរ៕