ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines កំពុងចរចាជាមួយក្រុមហ៊ុនផលិតយន្តហោះ Airbus និង Boeing ដើម្បីបញ្ជាទិញនូវយន្តហោះចំនួន ២៣៥គ្រឿងក្រោមផែនការរបស់ខ្លួនកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

អំឡុងព្រឹត្តិការណ៍មួយជាមួយក្រុមហ៊ុន Airbus និង Roll-Royce កាលពីថ្ងៃ២៩ ខែមេសា ប្រធានក្រុមហ៊ុន Turkish Airlines លោក Ahmet Bolat បាននិយាយថា៖ “យើងកំពុងចរចាជាមួយក្រុមហ៊ុន Airbus និង Boeing ចំពោះយន្តហោះដែលនៅសល់ចំនួន ២៣៥គ្រឿង។
លោកបន្ថែមថា ក្រុមហ៊ុន Turkish Airlines តែងតែអនុវត្តតាមគោលការណ៍មានតុល្យភាពរវាង Airbus និង Boeing ។ ម្យ៉ាងវិញទៀត ខ្លួនក៏កំពុងរង់ចាំការដោះស្រាយឲ្យចប់រួចរាល់សិន ចំពោះបញ្ហាដែលក្រុមហ៊ុន Boeing បានជួបប្រទះ ដូច្នេះមិនប្រញាប់នោះទេក្នុងការសម្រេចចិត្ត។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានបង្ហាញអំពីផែនការហោះហើររបស់ខ្លួនរយៈពេល ១០ឆ្នាំ ដោយមានគោលបំណងបង្កើនចំនួនយន្តហោះឲ្យដល់ទៅជិត ៦០០គ្រឿង ខណៈកាលពីខែធ្នូឆ្នាំមុន ក្រុមហ៊ុនក៏បានប្រកាសពីកិច្ចព្រមព្រៀងមួយជាមួយ Airbus សម្រាប់ការបញ្ជាទិញម៉ូឌែល A321 និងម៉ូឌែល A350 សរុបចំនួន ៣៥៥គ្រឿងឯណោះ៕