នាយករដ្ឋមន្ត្រីថៃ ជ្រើសបានរដ្ឋមន្ត្រីការបរទេសបណ្តោះអាសន្ន

អន្តរជាតិ

ក្រោយពីលោក Parnpree Bahiddha-Nukara ប្រកាសលាលែងចេញពីមុខតំណែងរដ្ឋមន្ត្រីការបរទេស នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា​ ថាវីស៊ីន កាលពីថ្ងៃទី២៩ ខែមេសា ក៏បានធ្វើការតែងតាំងលោក Phumtham Wechayachai ជារដ្ឋមន្ត្រីការបរទេសស្តីទីជំនួសកៅអីដែលកំពុងនៅទំនេរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ The Nation ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ លោកនាយករដ្ឋមន្ត្រីក៏បានចេញមុខសុំទោសលោក Parnpree ដែលជាសមាជិកម្នាក់របស់គណបក្សភឿថៃ ហើយក៏បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់លោក ចាប់តាំងពីរដ្ឋាភិបាលចម្រុះបានឡើងកាន់អំណាចកាលពីខែសីហាឆ្នាំមុន។ លោកបន្ត​ថា យើង​ទាំង​ពីរ​បាន​ស្គាល់​គ្នា​ ១០​ឆ្នាំ​មក​ហើយ ហើយក៏​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នាផងដែរ​។

លោក សេដ្ឋា បានបន្ថែមថា លោក Phumtham ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី រហូតដល់គណៈកម្មាធិការជ្រើសរើសបាន អ្នកដែលសាកសមអង្គុយលើកៅអីជំនួសលោក Parnpree ។

ទោះជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ឲ្យស៊ីជម្រៅ ទាក់ទិននឹងឈ្មោះអ្នកដែលចូលមកជំនួសតំណែងនោះទេ ដោយគ្រាន់តែនិយាយថា បេក្ខជន​មាន​បទពិសោធន៍​ក្នុង​ផ្នែក​ការទូត និង​នយោបាយ ព្រម​ទាំង​មាន​សាវតារ​ដែល​ធ្វើ​ការ​នៅ​ពី​ក្រោយ​ឆាកនយោបាយ​របស់គណ​បក្ស​ភឿថៃ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែមេសា លោក Parnpree បានសម្រេចលាលែងចេញពីតំណែងជារដ្ឋមន្ត្រីការបរទេស បន្ទាប់ពីរូបលោកត្រូវបានរបូតតំណែងជាឧបនាយករដ្ឋមន្ត្រី ក្រោមការរុះរើគណៈរដ្ឋមន្ត្រីរបស់អាណត្តិលោក សេដ្ឋា ៕