ព្រះអង្គម្ចាស់ អាប់ឌុល ម៉ាទីន តែងតែបង្ហាញវត្តមានជាមួយព្រះបិតាព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រុយណេ ដារូសាឡឹម មិនលស់កម្មវិធីឡើយ ពោលសូម្បីតែការយាងមកសួរសុខទុក្ខសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមពិធីអាហារពេលព្រឹក ក៏ទ្រង់បានចូលរួមផងដែរ។
អាចនិយាយបានថា ព្រះអង្គម្ចាស់ម៉ាទីន គឺជាបុត្រាសំណព្វហរិទ័យមួយអង្គ របស់ព្រះចៅស៊ុលតង់ប្រុយណេ ដ្បិតពិធីរៀបអភិសេករបស់ទ្រង់នាពេលកន្លងទៅ ព្រះបិតារបស់ទ្រង់ ក៏បានអញ្ជើញសុទ្ធតែសែរាជវង្សធំៗដូចជា ស្ដេចអង់គ្លេស និងអ្នកនយោបាយធំៗជាច្រើន ដើម្បីចូលរួមថែមទៀត។
មានឥទ្ធិពលកម្រិតនេះ តើព្រះអង្គម្ចាស់អាប់ឌុល ម៉ាទីន មានប្រវត្តិសិក្សា និងស្នាដៃខ្លាំងកម្រិតណាដែរ? អត្ថបទមួយនេះ ឧកញ៉ាញូវស៍ សូមគាស់កកាយពីប្រវត្តិត្រួសៗ របស់ព្រះអង្គម្ចាស់រូបរាងសង្ហារអង្គនេះ ដូចតទៅ៖
ព្រះអង្គម្ចាស់ Abdul Mateen បានប្រសូតនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ១៩៩១ នៅប្រទេសប្រ៊ុយណេ ដែលត្រូវជាបុត្រទី ១០ របស់ស្តេច Sultan Hassanal Bolkiah និងអតីតព្រះមហេសីទី ២ ព្រះនាម Mariam ។ ព្រះអង្គម្ចាស់ Mateen គឺជាបុត្រទីប្រាំមួយ ដែលត្រូវបន្តស្នងតំណែង នៅក្នុងខ្សែរាជវង្ស ។
ចំពោះប្រវត្តិសិក្សាវិញ ព្រះអង្គម្ចាស់ Mateen បានទទួលការអប់រំកម្រិតមធ្យមសិក្សា នៅមហាវិទ្យល័យវិទ្យាសាស្រ្ត Paduka Seri Begawan Sultan និងសាលាអន្តរជាតិ Jerudong ដែលសុទ្ធសឹងតែជាសាលារៀនលំដាប់កំពូលទាំងពីរ នៅក្នុងប្រទេសប្រ៊ុយណេ ។
នៅខែឧសភា ឆ្នាំ ២០១០ ព្រះអង្គម្ចាស់ Mateen ត្រូវបានអនុញ្ញាឱ្យចូលវៀនវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីកងទ័ពធម្មតា រួមជាមួយនឹងពលរដ្ឋដែលត្រូវបានជ្រើសរើសចំនួន ២០០ នាក់ផ្សេងទៀត នៅក្នុងសាលាទ័ព Royal Military Aacademy Sandhurst ។
លុះដល់ខែមេសា ឆ្នាំ ២០១១ សេ្តច Sultan Hassanal Bolkiah បានផ្តល់ជូនសញ្ញាប័ត្របញ្ចប់ការសិក្សា ដល់ព្រះអង្គម្ចាស់ Mateen និងបានធ្វើឱ្យទ្រង់ទទួលបានឋាន:ជាយោធាលើកដំបូង ។ នៅខែក្កដា ឆ្នាំ ២០១៦ ព្រះអង្គម្ចាស់ Mateen បានបន្តបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកការទូតអន្តរជាតិ ក្នុងមហាវិទ្យាល័យ SOAS នៃសាកលវិទ្យាល័យទីក្រុងឡុងដ៏ ។
ក្រៅពីនោះព្រះអង្គម្ចាស់ Mateen ក៏មានសមត្ថភាពអាចបើកបរឧទ្ធម្ភាគចក្របានផងដែរ បន្ទាប់ពីព្រះអង្គបានបញ្ចប់ការសិក្សាពីសាលា Defence Helicopter Flying School នៅ RAF Shawbury ស្របពេលព្រះអង្គក៏ជាអ្នកស្រលាញ់ខាងវិស័យកីឡាមួយរូប ដោយថែមទាំងធ្លាប់បានតំណាងឱ្យប្រទេសប្រ៊ុយណេ ចូលរួមនៅក្នុងព្រឹត្តិការណ៍ SEA Games សម្រាប់កីឡាជិះសេះវាយកូនបាល់ (polo) នៅក្នុងឆ្នាំ ២០១៧ និង ២០១៩ ផងដែរ ។
គួរឱ្យដឹងផងដែរថា ព្រះអង្គម្ចាស់ Mateen ត្រូវបានចាត់ទុកថាជាព្រះអង្គម្ចាស់ ដែលមានជាងគេ និងមានប្រជាប្រិយបំផុត។ យោងតាមការវិភាគរបស់ Forbes និង Business Insider បានបង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់ទ្រង់ មានប្រហែល ១,៥ លានដុល្លារ ទៅ ៥ លានដុល្លារ។
សូមជម្រាបបន្ថែមថា ព្រះអង្គម្ចាស់ម៉ាទីន បានអបដំណើរព្រះបិតា ក្នុងការមកសួរសុខទុក្ខសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានរាប់អានជាប្អូនធម៌ជាយូរមកហើយ និងមិនមែនជាព្រះរាជដំណើរទស្សនកិច្ចផ្លូវការនោះឡើយ។ តាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គមបានឱ្យដឹងថា ព្រះមហាក្សត្រប្រុយណេ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងសម្តេចតេជោ មានការរាប់អានគ្នាយ៉ាងជ្រាលជ្រៅបំផុត។ សម្តេចឱ្យដឹងទៀតថា ក្នុងនោះ ព្រះចៅស៊ុលតង់ មានព្រះជន្ម៧៥ព្រះវស្សា ត្រូវបានចាត់ទុកជាបង លោក ថាក់ស៊ីន មានអាយុ ៧៤ឆ្នាំ ជាប្អូនទី១ ហើយសម្តេចតេជោ ហ៊ុន សែន មានអាយុ ៧២ឆ្នាំ ជាប្អូនពៅ៕