កាលពីថ្ងៃទី២៨ខែមេសា មហាសេដ្ឋី Elon Musk អគ្គនាយកក្រុមហ៊ុន Tesla បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនស្ងាត់ៗ ខណៈដំណើរទស្សនកិច្ចមួយនោះ បានជួយឲ្យក្រុមហ៊ុន Tesla កើបផលចំណេញជាច្រើន។
យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា តម្លៃហ៊ុនរបស់ Tesla បានកើនឡើងច្រើនជាង ១៦% ដែលបានធ្វើឲ្យតម្លៃក្រុមហ៊ុន កើនឡើងច្រើនជាង ៩០ពាន់លានដុល្លារឯណោះ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់មហាអំណាចអាស៊ីមួយនេះ មហាសេដ្ឋីអាមេរិកមានគោលបំណងជជែកពីការបង្កើតកម្មវិធី FSD ដែលអាចឲ្យឡានបើកបរដោយខ្លួនឯង និងសុំការអនុញ្ញាតធ្វើការផ្ទេរទិន្នន័យ។
ក្នុងនោះផងដែរ មហាសេដ្ឋីមានបំផុតលំដាប់ទី៣ លើលោករូបនេះ ក៏បានជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang ផងដែរ ដោយថ្នាក់ដឹកនាំចិនរូបនេះ បានកោតសរសើរពីការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Tesla នៅប្រទេសចិនថែមទៀត៕