នៅរយៈពេលបួនខែដំបូងនៃឆ្នាំ២០២៤ ពាណិជ្ជកម្មនៃការនាំចេញនាំចូលរបស់វៀតណាម បានឈានដល់ចំនួន ២៣៨,៨៨ពាន់លានដុល្លារ ជាមួយនឹងអតិរេកពាណិជ្ជកម្មក៏មានការកើនឡើងចំនួន ៨,៤ពាន់លានដុល្លារ ខ្ពស់ជាងឆ្នាំមុនដែលមានត្រឹមតែចំនួន ៧,៦៦ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។
បើយោងតាមការិយាល័យស្ថិតិទូទៅ (GSO) បានប៉ាន់ប្រមាណថា ការនាំចេញរបស់វៀតណាមនៅខែមេសាមានចំនួន ៣០,៩៤ពាន់លានដុល្លារកើនឡើង១០,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលវាបានជួយជំរុញដល់ការនាំចេញ នៅរយៈពេលបួនខែដំបូងឆ្នាំ២០២៤ ឈានដល់ចំនួន ១២៣,៦៤ពាន់លានដុល្លារកើនឡើង១៥% ពីមួយឆ្នាំទៅមួយឆ្នាំ។
នៅខែមេសាដដែលនោះ ការនាំចូលរបស់វៀតណាមមានតម្លៃ ៣០,២៦ពាន់លានដុល្លារកើនឡើង១៩,៩% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជួយជំរុញឲ្យតម្លៃនៃការនាំចូលសរុប ក្នុងរយៈពេលខែមករាដល់ខែមេសាមានចំនួន ១១៥,២៤ពាន់លានដុល្លារកើនឡើង១៥,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គួរជម្រាបផងដែរថា សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ពោលមានតម្លៃ ៣៤,១ពាន់លានដុល្លារ ចំណែកឯប្រទេសចិនវិញនៅតែជាទីផ្សារនាំចូលដ៏ធំបំផុតរបស់វៀតណាម ដ្បិតអីមានតម្លៃដល់ទៅ ៤១,៦ពាន់លានដុល្លារឯណោះ៕