យោងតាមរដ្ឋមន្ត្រីខុទ្ទកាល័យជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃអង្គារ ទី១ ខែឧសភាកន្លងទៅថា រដ្ឋាភិបាលឥណ្ឌូណេស៊ី គ្រោងផ្តល់សញ្ជាតិពីរដល់ពលរដ្ឋដែលមានដើមកំណើតឥណ្ឌូណេស៊ី ដើម្បីទាក់ទាញកម្មករដែលមានជំនាញបន្ថែមទៀត ឲ្យចូលមករស់នៅក្នុងប្រទេសវិញ។ នេះបើតាមការចុះផ្សាយពីសាព័ត៌មាន VN Express។
បើតាមច្បាប់ ឥណ្ឌូណេស៊ី មិនទទួលស្គាល់ចំពោះការផ្តល់ឲ្យពលរដ្ឋពេញវ័យរបស់ខ្លួនឲ្យមានសញ្ជាតិពីរបាននោះឡើយ ដូច្នេះហើយពលរដ្ឋឥណ្ឌូណេស៊ីណាមួយដែលកាន់លិខិតឆ្លងដែនពីរ ចាំបាច់ត្រូវតែជ្រើសយកបានតែមួយគត់នៅពេលពួកគេមានអាយុ ១៨ឆ្នាំឡើងទៅ។
ប៉ុន្តែថ្មីៗនេះ បើតាមលោក Luhut Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគ បាននិយាយថា រដ្ឋាភិបាលគ្រោងនឹងផ្តល់សញ្ជាតិពីរដល់អតីតពលរដ្ឋឥណ្ឌូណេស៊ីដែលកំពុងរស់នៅក្រៅប្រទេស ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។
ទន្ទឹមនឹងនេះ លោក Luhut បានមានប្រសាសន៍ទៀតថា ៖ “យើងក៏បានអញ្ជើញជនភៀសខ្លួនឥណ្ឌូណេស៊ីដែលមានជំនាញខ្លាំង ឲ្យត្រលប់មកធ្វើការវិញនៅក្នុងប្រទេស ដោយនឹងផ្តល់សញ្ជាតិពីរដល់ពួកគេក្នុងពេលឆាប់ៗនេះ” ។
ជម្រាប់ជូនផងដែរថា បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរាយការណ៍មកថា ប្រជាជនឥណ្ឌូណេស៊ី ជិត ៤ ០០០ នាក់ បានប្តូរសញ្ជាតិទៅជាពលដ្ឋសិង្ហបុរី នៅចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ៕