មហាសេដ្ឋីអាមេរិក Warren Buffett បានទម្លាយឲ្យដឹងថា ទីផ្សារឥណ្ឌា គឺមានឱកាសច្រើនខ្លាំងណាស់ ដែលធ្វើឲ្យក្រុមហ៊ុន Berkshire Hathaway មានបំណងចង់ពង្រីកខ្លួនទៅទីនោះ នាថ្ងៃអនាគត។ នេះបើតាមការចុះផ្សាយពីគេហទំព័រ New18។

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Berkshire បិតាវិនិយោគិនអាមេរិកបាននិយាយច្បាស់ៗថា ក្រុមហ៊ុន Berkshire Hathaway គឺកំពុងសម្លឹងរកឱកាសវិនិយោគនៅឥណ្ឌា តែបញ្ហាពេលនេះ គឺការទូទាត់សាច់ប្រាក់។ ក្រុមហ៊ុនកំពុងរកដំណោះស្រាយជុំវិញបញ្ហានេះ តែលោកប្រាកដថា វាមិនមែនជារឿងធំដុំឡើយ សម្រាប់ក្រុមហ៊ុន Berkshire។
សូមជម្រាបដែរថា ការលើកឡើងរបស់មហាសេដ្ឋីអាមេរិករូបនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុន Berkshire Hathaway សម្រេចចិត្តលក់ភាគហ៊ុននៅក្រុមហ៊ុន Apple មួយចំនួនធំកាលពីពេលថ្មីៗ ដែលធ្វើឲ្យមានការសង្ស័យថា Warren Buffett អាចនឹងយកលុយពីការលក់ភាគហ៊ុនទាំងនោះ ទៅធ្វើការបណ្ដាក់ទុននៅក្នុងផែនការថ្មី ដែលអាចកើតឡើងនៅក្នុងប្រទេសឥណ្ឌា៕