ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់មហាសេដ្ឋី Elon Musk បានធ្វើការប្តឹងទៅលើក្រុមហ៊ុនផលិតអាគុយរបស់ប្រទេសឥណ្ឌា ពីបទរំលោភបំពានកម្មសិទ្ធិស្លាកញ្ញារបស់ខ្លួន ជាមួយនឹងការប្រើប្រាស់យីហោ “Tesla Power” ដើម្បីផ្សព្វផ្សាយផលិតផលរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
នៅដើមសប្តាហ៍នេះ ភាគីតំណាងក្រុមហ៊ុន Tesla បាននិយាយនៅក្នុងសវនាការនៃតុលាការជាន់ខ្ពស់ទីក្រុងញូវដេលីថាក្រុមហ៊ុនរបស់ប្រទេសឥណ្ឌាមួយនេះ បានបន្តធ្វើការផ្សាយពាណិជ្ជកម្មទៅលើផលិតផលរបស់ពួកគេ ជាមួយនឹងឈ្មោះម៉ាកយីហោ “Tesla Power” ដដែល ទោះបីជាមានការជូនដំណឹងឲ្យបញ្ឈប់ ចាប់តាំងពីខែមេសា ឆ្នាំ២០២២ ក៏ដោយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលធ្វើសវនាការនោះ ក្រុមហ៊ុនឥណ្ឌា Tesla Power India Pvt Ltd បានអះអាងថា អាជីវកម្មចម្បងរបស់ខ្លួនគឺគ្រាន់តែផលិត “អាគុយអាស៊ីត” ប៉ុណ្ណោះ ហើយវាគ្មានចេតនាបន្តបើកអាជីវកម្មទៅលើការផលិតរថយន្តអគ្គិសនីនោះឡើយ។
ជម្រាបជូនផងដែរថា ករណីនេះ បានកើតឡើងបន្ទាប់ពីស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានលុបចោលដំណើរទស្សនកិច្ចដែលខ្លួនបានគ្រោងទុក ទៅកាន់ប្រទេសឥណ្ឌា នៅថ្ងៃទី២១ ខែមេសា ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រី លោក Narendra Modi ខណ:ប៉ុន្មានថ្ងៃក្រោយមកមហាសេដ្ឋីលំដាប់ពិភពលោករូបនេះ បែរជាបានធ្វើទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយទៅកាន់ប្រទេសចិនជំនួសវិញ៕