ក្រុមហ៊ុនវិនិយោគ Berkshire Hathaway របស់មហាសេដ្ឋីលោក Warren Buffett បានកាត់បន្ថយភាគហ៊ុនយ៉ាងច្រើនសម្បើមរបស់ខ្លួន នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់សហរដ្ឋអាមេរិក Apple នៅក្នុងត្រីមាសទី១ ឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។
នៅក្នុងរបាយការណ៍ប្រាក់ចំណូលត្រីមាសទី១ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី៤ ខែឧសភាកន្លងទៅ បានបង្ហាញថាក្រុមហ៊ុន Berkshire Hathaway បានសម្រេចលក់ភាគហ៊ុនក្នុងចំនួន ១១៦ លានហ៊ុន នៅក្នុងតម្លៃប្រមាណ ១១,២ពាន់លានដុល្លារ។
ជុំវិញការប្រកាសលក់ចុងក្រោយនេះ មានន័យថាភាគហ៊ុនរបស់ក្រុមហ៊ុន Berkshire នៅក្នុងក្រុមហ៊ុន Apple បានធ្លាក់ចុះប្រហែល ១៣% ប៉ុន្តែទោះជាយ៉ាងណា ក្រុមហ៊ុនដែលកាន់កាប់ដោយមហាសេដ្ឋីលោក Warren Buffett នៅតែមានភាគហ៊ុនច្រើនបំផុត នៅក្នុងក្រុមហ៊ុន Apple គិតត្រឹមចុងត្រីមាសនេះ ជាមួយចំនួនសរុប ៧៦០ លានហ៊ុន ក្នុងតម្លៃ ១៣៥,៤ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ លោក Buffett បានបង្ហើបប្រាប់នៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់ Berkshire នៅទីក្រុង Omaha ថាជុំវិញការលក់ភាគហ៊ុនច្រើនសម្បើមបែបនេះ គឺសម្រាប់ហេតុផលពន្ធ បន្ទាប់ពីបានមើលឃើញថាវាមានការកើនឡើងយ៉ាងច្រើន ក្នុងរយ:ពេលចុងក្រោយនេះ។
ជម្រាបជូនផងដែរថា លោក Buffett បានក្លាយជាអ្នកគាំទ្រដ៏ធំរបស់ក្រុមហ៊ុន Apple បន្ទាប់ត្រូវបានគេណែនាំឲ្យទិញយកភាគហ៊ុននៅក្នុងក្រុមហ៊ុននេះ កាលពីឆ្នាំមុន ស្របពេលជាមួយគ្នានោះ លោក Buffett ថែមទាំងចាត់ទុកក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះថាជាអាជីវកម្មដ៏សំខាន់បំផុតទីពីររបស់លោក បន្ទាប់ពីក្រុមហ៊ុនធានារ៉ាប់រងរបស់ Berkshire ផងដែរ៕