ក្រុមហ៊ុនជាង ១០០ មកពីប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងស្វែងរកឱកាសវិនិយោគក្នុងប្រទេសថៃ

អន្តរជាតិ

តំណាងក្រុមហ៊ុនធំៗជាង ១០០ មកពីប្រទេសអារ៉ាប៊ីសាអូឌីត នឹងមកជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នៅក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកឱកាសមកបណ្តាក់ទុនវិនិយោគក្នុងប្រទេសនៅតំបន់អាស៊ានមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បានបង្ហាញឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុនធំៗខាងលើ នឹងអមដំណើរមកជាមួយលោក Majid bin Abdullah Al Qasabi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត ដែលនឹងត្រូវមកបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែឧសភា។

លោក Chai បាននិយាយទៀតថា ក្រុមហ៊ុនធំៗទាំងនេះ នឹងចូលរួមជាផ្នែកមួយ នៃកិច្ចពិភាក្សាផ្គូផ្គងអាជីវកម្មដើម្បីបង្កើតបណ្តាញសម្រាប់ពាណិជ្ជកម្ម ជំនួញ និងការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសទាំងពីរ។

គួរឲ្យដឹងផងដែរថា ជុំវិញផែនការវិនិយោគដ៏ធំនេះត្រូវបានកើតឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Srettha ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីខែតុលា ឆ្នាំមុន នៅពេលដែលលោកបានជួបពិភាក្សាមួយទល់នឹងមួយជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីតល្បីៗជាច្រើន។

ទន្ទឹមនឹងនេះ លោក Chai សង្កត់ធ្ងន់ទៀតផងដែរថា ចំពោះក្រុមហ៊ុនធំៗដែលនាយករដ្ឋមន្ត្រីថៃ បានពិភាក្សាជាមួយនោះ បានយល់ព្រមបង្កើនការវិនិយោគរបស់ពួកគេមកលើសន្តិសុខស្បៀង ថាមពល និងផលិតផលគីមីឥន្ធនៈផងដែរ នៅក្នុងប្រទេសថៃ៕