រដ្ឋមន្ត្រីជាន់ខ្ពស់បារាំង បង្ហើបថា BYD នឹងទទួលបានការស្វាគមន៍ជានិច្ច បើចង់បើករោងចក្រក្នុងប្រទេសខ្លួន

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bruno Le Maire បាននិយាយកាលពីថ្ងៃចន្ទ ទី៦ ខែឧសភាកន្លងទៅថា ប្រទេសបារាំងនឹងរីករាយស្វាគមន៍ជានិច្ច ប្រសិនបើក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូលរបស់ចិន BYD ចង់មកបើករោចក្រនៅក្នុងប្រទេសរបស់ខ្លួននោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការលើកឡើងរបស់លោក Le Maire បែបនេះ បានកើតឡើងអំឡុងពេលដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិងកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋដ៏កម្របំផុតមួយ មកកាន់ទីក្រុងប៉ារីស ចំពេលសហភាពអឺរ៉ុប កំពុងគម្រាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើការនាំចូលរថយន្តអគ្គិសនីរបស់ចិន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Le Maire បាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយនាយកប្រតិបត្តិផ្នែករថយន្តរបស់ក្រុមហ៊ុន BYD ថា៖ ” បារាំងនឹងរីករាយស្វាគមន៍រាល់គម្រោងឧស្សាហកម្មទាំងអស់។ ហើយ BYD និងឧស្សាហកម្មរថយន្តរបស់ចិន គឺនឹងមានការស្វាគមន៍យ៉ាងខ្លាំងនៅក្នុងប្រទេសបារាំង”។

ជម្រាបជូនផងដែរថា ការលើកឡើងរបស់លោក Le Maire បែបនេះ អាចនឹងធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុបមានការខកចិត្តខ្លាំង ចំពេលកំពុងមានការព្រួយបារម្ភថា រថយន្តអគ្គិសនីរបស់ចិន អាចនឹងគ្របដណ្តប់លើការលក់ទូទាំងពិភពលោក ក្នុងរយ:ពេលប៉ុន្មានឆ្នាំខាងមុខ ដោយសារតែតម្លៃថោករបស់ពួកគេ និងបច្ចេកវិទ្យាដ៏ទំនើប រួមទាំងជំនាញទៅលើផ្នែករថយន្ត EV ដែលពួកគេទទួលបានក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕