លោក វ៉្លាឌីមៀ ពូទីន កំពុងត្រៀមខ្លួនធ្វើពិធីស្បថចូលកាន់តំណែង ជាប្រធានាធិបតីរុស្ស៊ី ៥អាណត្តិជាប់គ្នា នៅវិមានក្រឹមឡាំងនាថ្ងៃទី០៧ ខែឧសភា ជាមួយនឹងការរៀបចំយ៉ាងឱឡារិកជាទីបំផុត។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ពិធីស្បថចូលកាន់តំណែងនេះ នឹងត្រូវចាក់ផ្សាយបន្តផ្ទាល់នៅគ្រប់ប៉ុស្ត៍ទូរទស្សន៍ក្នុងប្រទេសរុស្ស៊ី នាពេលរសៀល ស្របពេលរថយន្តប្រណីតជាច្រើនគ្រឿង នឹងនាំយកលោកពូទីន ទៅកាន់វិមានក្រឹមឡាំង។
បន្ទាប់ពីទៅដល់ទីនោះ បុរសរហស្សនាមខ្លាឃុំទឹកកក នឹងដើរចូលតាមខ្លោងទ្វារច្រក Saint Andrew Hall ដែលលោកនឹងធ្វើសច្ចាប្រណិធាន ក្នុងនាមជាប្រធានាធិបតីរុស្ស៊ី និងថ្លែងសន្ទរកថាទៅកាន់ប្រជាជនរុស្ស៊ីផងដែរ។
នៅក្នុងពិធីនោះទៀតសោត ក៏នឹងត្រូវបានចូលរួមដោយមន្ត្រីជាន់ខ្ពស់មកពីអឺរ៉ុបជាច្រើន ក៏ប៉ុន្តែក៏មានប្រទេសខ្លះបដិសេធមិនចូលរួមដូចជា ប៉ូឡូញ អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក ដោយសារពួកគេមិនចង់មានភាពល្អក់កករ ជាមួយប្រទេសអ៊ុយក្រែន ដែលកំពុងធ្វើសង្គ្រាមជាមួយរុស្ស៊ី។
សូមជម្រាបដែរថា ការជាប់ឆ្នោតអាណត្តិថ្មីនេះ នឹងធ្វើឲ្យប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣០ និងបានធ្វើឲ្យរូបលោក ក្លាយជាមេដឹកនាំកំពូលរុស្ស៊ីមួយរូប ដែលកាន់អំណាចបានយូរជាងគេក្នុងប្រវត្តិសាស្ត្រ៕