គ្រាន់តែថែទ្រព្យសម្បត្តិដែលរឹបអូសពីការលាងលុយកខ្វក់ សិង្ហបុរីត្រូវចំណាយប្រាក់អស់ជិត ៤៨ម៉ឺនដុល្លារ

អន្តរជាតិ

ចាប់តាំងពីប៉ូលីសសិង្ហបុរីបើកប្រតិបត្តិការបង្ក្រាប ករណីលាងលុយកខ្វក់កាលពីក្នុងខែសីហាឆ្នាំមុន រហូតមកដល់ពេលបច្ចុប្បន្ន រដ្ឋាភិបាលបានចំណាយប្រាក់ប្រហែល ៦៥ម៉ឺនដុល្លារសិង្ហបុរី (ជិត ៤៨ម៉ឺនដុល្លារអាមេរិក) ដើម្បីថែរក្សាទ្រព្យសម្បត្តិតម្លៃរាប់ពាន់លានដុល្លារ ដែលបានមកពីការរឹបអូស ពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លើយតបទៅកាន់សំណួរដែលបានសួរដោយសមាជិកសភាលោក Saktiandi Supaat, រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងច្បាប់លោក K Shanmugam បាននិយាយកាលពីថ្ងៃទី៧ ខែឧសភាថា៖ ការចំណាយគឺប្រើប្រាស់សម្រាប់រក្សាទុក ថែទាំ និងការពារទ្រព្យសម្បត្តិដែលរដ្ឋាភិបាលបានរឹបអូស ខណៈទ្រព្យទាំងអស់នោះរួមមាន ផ្ទះ យានយន្ត ទំនិញប្រណីតៗដូចជាកាបូប នាឡិកាដៃ និងស្រាថ្លៃៗជាដើម។

លោកបន្ថែមថា ការចំណាយក៏រួមមានផងដែរ នូវសេវាកម្មឯកទេសពីដៃគូឧស្សាហកម្ម ឬអ្នកផ្តល់សេវា ដើម្បីត្រួតពិនិត្យការគ្រប់គ្រងថែទាំ និងរក្សាតម្លៃនៃទ្រព្យសម្បត្តិទាំងអស់នោះ។

គួរបញ្ជាក់ថា ចាប់តាំងពីប៉ូលីសបើកប្រតិបត្តិការ បង្ក្រាបករណីលាងលុយកខ្វក់កាលពីក្នុងខែសីហាឆ្នាំមុនមក ទ្រព្យសម្បត្តិដែលត្រូវបានបង្កក ឬរឹបអូសមានជាង ១៥០ប្រភេទរួមទាំងរថយន្តរាប់សិបគ្រឿង មាស គ្រឿងអលង្ការ គ្រីបតូ សាច់ប្រាក់ និងនាឡិកាដៃប្រណីតៗ សរុបជាទឹកប្រាក់ច្រើនជាង ៣ពាន់លានដុល្លារសិង្ហបុរី៕