ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូលរបស់អាមេរិក Amazon បាននិយាយកាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅថា ខ្លួននឹងបោះទុនវិនិយោគទឹកប្រាក់ចំនួន ៩ពាន់លានដុល្លារ នៅសិង្ហបុរី សម្រាប់រយ:ពេល ៤ឆ្នាំខាងមុខ ដើម្បីពង្រីកសមត្ថភាពទៅលើប្រព័ន្ធរក្សាទុកទិន្នន័យ cloud computing ក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ជុំវិញការការប្រកាសរបស់ Amazon នេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft បានប្រកាសការវិនិយោគដែលមានតម្លៃរាប់ពាន់លានដុល្លារ ក្នុងវិស័យស្រដៀងគ្នានេះ ក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍កាលពីសប្តាហ៍មុន ផងដែរ។
យ៉ាងណាមិញ លោកស្រី Priscilla Chong អ្នកគ្រប់គ្រងរបស់ Amazon Web Services (AWS) ប្រចាំប្រទេសសិង្ហបុរី បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួន នឹងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ cloud ឲ្យបានទ្វេដង ក្នុងប្រទេសសិង្ហបុរី ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដើម្បីគាំទ្រដល់តម្រូវការរបស់អតិថិជន និងជួយពង្រឹងសមត្ថភាពប្រទេសនេះឲ្យក្លាយជាទីកន្លែងច្នៃប្រឌិតក្នុងតំបន់ដ៏ទាក់ទាញបំផុត។
ក្រុមហ៊ុន Amazon ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា ចំពោះផែនការវិនិយោគរបស់ខ្លួននេះ អាចនឹងផ្តល់ការងារបន្ថែម ក្នុងចំនួនប្រមាណ ១២ ០០០ កន្លែង នៅក្នុងអាជីវកម្មរបស់សិង្ហបុរីក្នុងមួយឆ្នាំៗ ស្របពេលក្រុមហ៊ុនរបស់ខ្លួន ក៏កំពុងចាប់ដៃគូជាមួយរដ្ឋាភិបាលសិង្ហបុរី ដើម្បីជួយអាជីវកម្មក្នុងស្រុកក្នុងការទាញយកប្រព័ន្ធ AI មកប្រើប្រាស់ផងដែរ៕