សារព័ត៌មាន VN Express បានចុះផ្សាយថា សិង្ហបុរីហាក់មើលឃើញនូវការកើនឡើងបុគ្គល ដែលមានទ្រព្យលើសពី ១លានដុល្លារកាលពីឆ្នាំមុន ខណៈចំនួននេះបានធ្វើឲ្យសិង្ហបុរីជាប់ឈ្មោះជាទីក្រុង ដែលមានអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី៤ របស់ពិភពលោក។
បច្ចុប្បន្នទីក្រុងរបស់សិង្ហបុរីមានសេដ្ឋីប្រាក់លានដុល្លារប្រមាណ ២៤៤ ៨០០នាក់ ហើយសេដ្ឋីដែលមានទ្រព្យសម្បត្តិចាប់ពី ១០០លានដុល្លារឡើងមានចំនួន ៣៣៦នាក់ និងមហាសេដ្ឋីប្រាក់ពាន់លានដុល្លារនោះក៏មានចំនួន ៣០នាក់ផងដែរ។
កំណើនសេដ្ឋីរបស់សិង្ហបុរី ត្រូវបានកើនឡើងដល់ទៅ៦៤% ឯណោះក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ពោលចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣ ខណៈឯទីក្រុងតូក្យូដែលឈរនៅលេខរៀងទីបី មានចំនួនសេដ្ឋីប្រមាណ ២៩៨ ៣០០នាក់បែរជាធ្លាក់ចុះ៥% ទៅវិញ។
គួរបញ្ជាក់ថា ទីក្រុងដែលមានអ្នកមានទ្រព្យសម្បត្តិច្រើនដាច់គេនៅលើពិភពលោកនោះ គឺបានទៅលើទីក្រុងញូយ៉ករបស់សហរដ្ឋអាមេរិក ពោលមានសេដ្ឋីប្រាក់ខ្ទង់លានដុល្លារចំនួន ៣៥៩ ៥០០នាក់ ហើយមហាសេដ្ឋីប្រាក់ពាន់លានដុល្លារក៏មានចំនួនដល់ទៅ ៦០នាក់ផងដែរ៕