ក្រុមហ៊ុន Google កំពុងទាមទារឲ្យតុលាការក្រុងឡុងដ៍ ចក្រភពអង់គ្លេសរារាំងបណ្ដឹងដ៏ធំមួយ ដែលបានប្ដឹងមកលើពួកគេ ទាក់ទងនឹងការរំលោភបំពានសិទ្ធផ្សព្វផ្សាយពាណិជ្ជកម្ម តាមប្រព័ន្ធអ៊ីនធឺណិត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ម្ចាស់បណ្ដឹង ដែលជាដៃគូប្រជែងរបស់ Google បានទាមទារសំណងជាទឹកប្រាក់ប្រមាណ ១៣,៦ពាន់លានផោន ឬប្រហែល ១៦,៩ពាន់លានដុល្លារ។
ក្រុមម្ចាស់បណ្ដឹងអះអាងថា ពួកគេទទួលរងការខាតបង់ដ៏ធំសំបើម ដោយសារតែក្រុមហ៊ុន Google បានរំលោភកម្មសិទ្ធផ្សព្វផ្សាយពាណិជ្ជកម្ម ខណៈក្រុមហ៊ុន Google ប្រកែកវិញថា ករណីប្ដឹងផ្ដល់នេះ គឺមិនស៊ីសង្វាក់គ្នាឡើយ និងស្នើឲ្យតុលាការក្រុងឡុងដ៍ រារាំងបណ្ដឹងមួយនេះ។
សូមជម្រាបដែរថា បច្ចុប្បន្ន ក្រុមហ៊ុន Google ក៏កំពុងមានបណ្ដឹងចំនួន ២ទៀតជាប់ខ្លួនផងដែរ ដោយរឿងក្ដី២នេះ កើតឡើងនៅអាមេរិក ជាមួយនឹងការប្ដឹងផ្ដល់ស្រដៀងគ្នា ជុំវិញការប្រើប្រាស់អំណាច រំលោភបំពានកម្មសិទ្ធផ្សព្វផ្សាយពាណិជ្ជកម្មពីគូប្រជែង៕