កាលពីថ្ងៃទី៩ ខែឧសភា ក្រុមហ៊ុនផលិតម៉ូតូ Vespa របស់អ៊ីតាលី Piaggio បានបង្ហាញថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួននាត្រីមាសដំបូងឆ្នាំ២០២៤ បានធ្លាក់ចុះដល់ទៅចំនួន២២,៥% ដោយហេតុថាការលក់នៅទីផ្សារអាស៊ីមានភាពយឺតយ៉ាវ។
សារព័ត៌មាន Reuters បានចុះផ្សាយថា ការធ្លាក់ចុះដល់ទៅ២២,៥% បានធ្វើឲ្យប្រាក់ចំណេញសុទ្ធក្នុងរយៈពេលបីខែដើមឆ្នាំ ពោលពីខែមករា ដល់ខែមីនា ធ្លាក់ចុះមកនៅសល់ត្រឹមចំនួន ១៨,៧លានអឺរ៉ូ (២០,០៥លានដុល្លារ)។
ទន្ទឹមនឹងនោះ ប្រាក់ចំណេញស្នូល (EBITDA) មុនមានការបែងចែកទៅលើថ្លៃចំណាយផ្សេងៗ ក្រុមហ៊ុនផលិតម៉ូតូមួយនេះ មានការធ្លាក់ចុះដល់ទៅ៧,១% បើធៀបនឹងឆ្នាំមុន ពោលមកនៅត្រឹមចំនួន ៧៥,៣លានអឺរ៉ូប៉ុណ្ណោះ ខណៈឯការលក់វិញក៏បានធ្លាក់ចុះ២១,៣% មកនៅត្រឹមតែចំនួន ៤២៨លានអឺរ៉ូ។
សូមជម្រាបថា Piaggio ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតម៉ូតូ Vespa បានលើកឡើងយ៉ាងដូច្នេះថា ខ្លួនមានគោលបំណងរក្សាកម្រិតប្រាក់ចំណេញនៅប៉ុន្មានខែចុងក្រោយនៃឆ្នាំ២០២៤ បើទោះបីជាការលក់មានការធ្លាក់ចុះ នៅក្នុងទីផ្សារមួយចំនួនក៏ដោយ៕