ដោយកំណត់អតិថិជនវ័យក្មេង ជាអតិថិជនគោលដៅ ក្រុមហ៊ុន Nestle គ្រោងវិនិយោគទឹកប្រាក់ប្រមាណ ១៩៦,៥លានដុល្លារនៅក្នុងប្រទេសប្រេស៊ីលនៅឆ្នាំ២០២៦ ដើម្បីពង្រីកសមត្ថភាពផលិតកម្ម និងការលក់រាយតាមបណ្តាញហាង Nescafe ទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
នាយកប្រតិបត្តិក្រុមហ៊ុន Nestle លោកស្រី Valeria Pardal បានលើកឡើងថា៖ យីហោ Nescafe បង្កើតឡើងដំបូងក្នុងប្រទេសប្រេស៊ីលដើម្បីលក់កាហ្វេឆុងភ្លាមៗ ហើយបច្ចុប្បន្នផលិតផលនេះ បានរីកសុះសាយនៅជុំវិញសកលលោក។ ពួកយើងចង់ចាប់យកអតិថិជនវ័យក្មេង ហើយណាមួយចង់បានបទពិសោធន៍ថ្មីជាមួយភេសជ្ជៈរបស់ខ្លួន។
នៅក្នុងបទសម្ភាសន៍មួយ លោកស្រីបានលើកឡើងថា៖ យើងកំពុងស្ថិតនៅពេលវេលា ដែលត្រូវពង្រីកការប្រើប្រាស់កាហ្វេកម្រិត Premium ហើយនោះកំពុងធ្វើឲ្យការប្រើប្រាស់កាហ្វេកាន់តែទំនើប ក្នុងទីផ្សារប្រទេសប្រេស៊ីល។ មួយវិញទៀត ប្រជាជនប្រេស៊ីលទទួលទានកាហ្វេច្រើនណាស់ ពោលជាមធ្យមពី៤ ទៅ ៦ពែងក្នុងមួយថ្ងៃ តែយ៉ាងណាក៏ដោយអតិថិជនវ័យក្មេង គឺជាគោលដៅដ៏សំខាន់របស់ក្រុមហ៊ុន។
សូមជម្រាបថា ក្រុមហ៊ុន Nestle បានរំពឹងថា នៅអំឡុងរយៈពេលបួនឆ្នាំ ការលក់ផលិតផល Nescafe ទៅកាន់ទីផ្សារលក់រាយរបស់ប្រទេសប្រេស៊ីល នឹងកើនឡើងរហូតដល់ចំនួន១៥% ក្នុងមួយឆ្នាំ ពោលគឺលើសពីកំណើន៥% ទៅ៦% ដែលខ្លួនបានព្យាករណ៍សម្រាប់ទីផ្សាររបស់ក្រុមហ៊ុនកាហ្វេទូទៅ៕