រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន គ្រោងនឹងធ្វើការប្រកាសអំពីការដំឡើងពន្ធថ្មីទៅលើទំនិញសំខាន់ៗមួយចំនួនរបស់ប្រទេសចិន នៅសប្តាហ៍ក្រោយ ដោយក្នុងនោះរួមមានរថយន្តអគ្គិសនី អាគុយ និងបន្ទះស្រូបយកថាមពលពន្លឺព្រះអាទិត្យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
បើតាមប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា សេចក្តីប្រកាសជាផ្លូវការមួយ គ្រោងនឹងត្រូវធ្វើឡើង នាថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ដោយក្នុងនោះការយកពន្ធទៅលើទំនិញដែលមានស្រាប់របស់ប្រទេសចិនកន្លងមក ក៏ត្រូវបានគេរំពឹងទុកថានឹងបន្តរក្សាឲ្យស្ថិតនៅកម្រិតខ្ពស់បំផុតមួយ ផងដែរ។
គួរឲ្យថា ជុំវិញវិធានការវិញនេះ អាចជាការដាក់សម្ពាធបន្ថែមទៀតទៅលើរដ្ឋាភិបាលចិន ចំពេលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកទាំងពីរ។
ជម្រាបជូនផងដែរថា នៅឆ្នាំ២០២២ ប្រធានាធិបតី ចូ បៃដិន បានចាប់ផ្តើមពិនិត្យឡើងវិញនូវគោលនយោបាយរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ទៅលើច្បាប់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដោយកាលពីខែមុន លោកបានអំពាវនាវឲ្យមានការដំឡើងពន្ធក្នុងកម្រិតខ្ពស់បំផុតមួយ សម្រាប់ការនាំចូលផលិតផលដែករបស់ចិន មកកាន់ទឹកដីអាមេរិក៕