យោងតាមសមាគមអ្នកនាំចេញអង្ករថៃ (TREA) បានបង្ហាញឲ្យដឹងថា ប្រទេសថៃ និងវៀតណាម កំពុងប្រកួតប្រជែងគ្នាដំណើ្តមយកចំណាត់ថ្នាក់លេខ២ នាមជាប្រទេសនាំចេញអង្ករកំពូលរបស់ពិភពលោក នៅឆ្នាំ២០២៤ នេះ ខណ:ពេលដែលឥណ្ឌា នៅតែរក្សាតំណែងលេខ១ បើទោះបីជាការនាំចេញធ្លាក់ចុះខ្លាំង ដោយសារវិបត្តិនយោបាយផ្ទៃក្នុងក៏ដោយ។
TREA បានរាយការណ៍ថា បើតាមស្តិតិសម្រាប់ត្រីមាសទី១ ឆ្នាំនេះ បានបង្ហាញថាប្រទេសឥណ្ឌា បាននាំចេញអង្ករច្រើនជាងគេបំផុត ក្នុងចំនួន ៤,៣ លានតោន ពោលគឺបានធ្លាក់ចុះ ២៨,១% បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។
ទន្ទឹមនឹងនេះ ថៃគឺជាប្រទេសដែលជាប់ក្នុងចំណាត់ថ្នាក់លេខ២ ជាមួយនឹងការនាំចេញអង្ករសរុបចំនួន ២,៤៦ លានតោន កើនឡើង ១៩,៤% និងតាមពីក្រោយដោយប្រទេសវៀតណាម ដែលនាំចេញអង្ករបានចំនួន ២,១៨ លានតោន កើនឡើង ១៧,៧%។ ចំណាត់ថ្នាក់លេខ៤ បានទៅលើប្រទេសប៉ាគីស្ថាន ដែលនាំចេញបាន ១,៩៨ លានតោន កើនឡើង ៦៨,៥% និងសហរដ្ឋអាមេរិក នាំចេញបាន ៨០០ ០០០ តោន កើនឡើង៩០,៥% ជាប់ចំណាត់ថ្នាក់លេខ៥។
ជាមួយគ្នានេះផងដែរ TREA បាននិយាយទៀតថា ការនាំចេញអង្កររបស់ប្រទេសឥណ្ឌា សម្រាប់រយៈពេលដែលនៅសល់ក្នុងឆ្នាំនេះ អាចនឹងធ្លាក់ចុះបន្ថែមទៀត ខណៈដែលរដ្ឋាភិបាលឥណ្ឌា ត្រូវបានគេរាយការណ៍ថា គ្រោងនឹងដាក់កំហិតបន្ថែមទៀតលើការនាំចេញរបស់ខ្លួន ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃក្នុងស្រុក។
ជម្រាបជូនផងដែរថា បើតាមសមាគមអ្នកនាំចេញអង្ករថៃ បានរាយការណ៍ថា ការនាំចេញអង្កររបស់ប្រទេសថៃក្នុងត្រីមាសទី១ ឆ្នាំនេះ ទទួលបានទឹកប្រាក់សរុបចំនួន ៥៦,៧៣ន់លានបាត ឬប្រមាណ ១,៥ពាន់លានដុល្លារ កើនឡើង ៤៩% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន៕