លោក ពូទីន ដកតំណែងរដ្ឋមន្ត្រីការពារជាតិ អំឡុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែន

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើការដកតំណែងលោក Sergei Shoigu ចេញពីតួនាទីរដ្ឋមន្ត្រីការពារជាតិកាលពីថ្ងៃទី១២ ខែឧសភា ខណៈដែលវាជាការរុះរើគណៈរដ្ឋមន្ត្រីដ៏រង្គុះរង្គើបំផុត ចាប់តាំងពីកងទ័ពរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែនជាងពីរឆ្នាំមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Guardian ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ពូទីន ដែលទើបតែចូលស្បថកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីអាណត្តិទីប្រាំកាលពីដើមសប្តាហ៍មុន បានដកតំណែងលោក Shoigu ពីរដ្ឋមន្ត្រីការពារជាតិ តែបានស្នើឲ្យលោកទៅកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់រុស្ស៊ី។

ទន្ទឹមនឹងនោះ វិមានក្រឹមឡាំងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា លោក Andrei Belousov អតីតឧបនាយករដ្ឋមន្ត្រី ដែលមានជំនាញខាងសេដ្ឋកិច្ច គ្មានបទពិសោធន៍ខាងយោធា នឹងទៅកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ។

សូមជម្រាបថា លោក Sergei Shoigu គឺជារដ្ឋមន្ត្រីកាន់តំណែងយូរជាងគេបង្អស់របស់រុស្ស៊ី ដោយមានឱកាសបានដឹកនាំក្រសួងការពារជាតិចាប់តាំងពីអំឡុងឆ្នាំ២០១២ បន្ទាប់ពីកាន់តួនាទីជារដ្ឋមន្ត្រីសេវាសង្គ្រោះបន្ទាន់។ យ៉ាងណាក៏ដោយ នារយៈពេលចុងក្រោយ លោកបានទទួលរងនូវការិះគន់យ៉ាងខ្លាំង ចំពោះការធ្លាក់ចុះនូវសមត្ថភាពផ្នែកយោធា ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ព្រមទាំងអសមត្ថភាពលុបបំបាត់អំពើពុករលួយ ដែលបន្តរាលដាលញាំញីក្នុងជួរកងទ័ព៕