នាព្រឹកថ្ងៃទី១៣ ខែឧសភានេះ ប្រទេសបារាំងមានកម្មវិធីមួយសម្រាប់អូសទាញការបណ្ដាក់ទុន ពីក្រុមវិនិយោគិនបរទេស ដោយមានឈ្មោះថា Choose France និងទទួលបានការបណ្ដាក់ទុនសរុបប្រហែលជាង ១៦ពាន់លានដុល្លារ។
យោងតាមការចុះផ្សាយពីពីសារព័ត៌មាន Reuters បានបង្ហាញថា កម្មវិធីមួយនេះត្រូវបានចាប់ផ្ដើមឡើង ក្រោមវត្តមានរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ខណៈកញ្ចប់ទឹកប្រាក់ពីក្រុមវិនិយោគិនឆ្នាំនេះ មានច្រើនជាងឆ្នាំទៅដល់ ៣ពាន់លានដុល្លារឯណោះ។
គួររំលឹកបន្តិចថា ក្នុងចំណោមក្រុមហ៊ុនដែលប្រកាសចាក់លុយវិនិយោគនៅបារាំងទាំងអស់ មានក្រុមហ៊ុន Microsoft ប្រកាសវិនិយោគច្រើនជាងគេប្រមាណ ៤ពាន់លានដុល្លារ និងក្រុមហ៊ុន Amazon បណ្ដាក់ទុនប្រហែល ១,២ពាន់លានដុល្លារ។
ជម្រាបបន្ថែមថា កម្មវិធី Choose France បង្កើតឡើងដើម្បីផ្សព្វផ្សាយពីសក្ដានុពលនៃប្រទេសបារាំង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មឈានមុខគេនៅតំបន់អឺរ៉ុប៕