ក្រុមហ៊ុន Korea Electric Power Corp (KEPCO) របស់ប្រទេសកូរ៉េខាងត្បូង កំពុងស្ថិតនៅក្នុងការពិភាក្សាជាមួយរដ្ឋាភិបាលអង់គ្លេស ក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលស្ថិតនៅលើឆ្នេរសមុទ្រ Wales។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Financial Times ។
ក្រុមហ៊ុនថាមពលដែលគ្រប់គ្រងដោយរដ្ឋាភិបាលកូរ៉េខាងត្បូងមួយនេះ ត្រូវបានគេរាយការណ៍ទៀតថា បានធ្វើការពិភាក្សាដំណាក់កាលដំបូង ជាមួយមន្ត្រីអង់គ្លេស សម្រាប់ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរថ្មី នៅលើកោះ Anglesey ។
យ៉ាងណាមិញ នៅពេលសួរអំពីគម្រោងនេះ អ្នកនាំពាក្យនាយកដ្ឋានសន្តិសុខថាមពល និងអព្យាក្រឹតកាបូន បាននិយាយថា លោក Andrew Bowie ដែលជារដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកនុយក្លេអ៊ែរ និងថាមពលកកើតឡើងវិញ នឹងជួបជាមួយតំណាងក្រុមហ៊ុន KEPCO នៅទីក្រុងឡុងដ៍ ក្នុងសប្តាហ៍ខាងមុខនេះ ដើម្បីពិភាក្សាលម្អិតបន្ថែមទៀត។
អ្នកនាំពាក្យរូបនេះ ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “យើងកំពុងធ្វើឲ្យមានការវិវឌ្ឍលើការធ្វើឲ្យដំណើរការឡើងវិញនៃថាមពលនុយក្លេអ៊ែររបស់យើង ដោយធានាបាននូវទីតាំងចំនួនពីរដើម្បីរៀបចំគម្រោងថ្មីនេះ។ យើងមានទីតាំងមានសក្តានុពលដ៏អស្ចារ្យ ហើយយើងនឹងស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ភាគីទាំងអស់ដែលចង់មកវិនិយោគលើគម្រោងថាមពលនុយក្លេអ៊ែររបស់ចក្រភពអង់គ្លេស “៕