យោងតាមតំណាងក្រុមពាណិជ្ជករក្នុងស្រុក បាននិយាយថា ការនាំចេញត្បូង និងគ្រឿងអលង្ការរបស់ប្រទេសថៃ នឹងកើនឡើងចន្លោះពី ៥% ទៅ ១០% នៅឆ្នាំ២០២៤ នេះ បើទោះបីជាមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
លោក Sumeth Prasongphongchai នាយកវិទ្យាស្ថានត្បូង និងគ្រឿងអលង្ការថៃ (GIT) បាននិយាយថា ការនាំចេញត្បូង និងគ្រឿងអលង្ការ នៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងកើនឡើងពី ៥% ទៅ ១០% ពោលគឺបន្ទាប់ពីមានការធ្លាក់ចុះ ២,៨៣% មកនៅត្រឹម ១៤,៦ពាន់លានដុល្លារ កាលពីក្នុងឆ្នាំ២០២៣ និងធ្លាក់ចុះ ០,២៨% មកត្រឹម ៤,១២ពាន់លានដុល្លារ គិតនៅត្រឹមត្រីមាសទីមួយនៃឆ្នាំ២០២៤។
គួរឲ្យដឹងផងដែរថា ត្បូង និងគ្រឿងអលង្ការជាប្រភេទទំនិញនាំចេញសំខាន់បំផុតទី៣ របស់ប្រទេសថៃ បន្ទាប់ពីរថយន្ត និងកុំព្យូទ័រ ដែលស្មើនឹង ៥,៨% នៃការនាំចេញសរុប។
ទន្ទឹមនេះ ថៃ ក៏ជាប្រទេសផលិត និងនាំចេញត្បូង គ្រឿងអលង្ការធំជាងគេទី១៤ របស់ពិភពលោកផងដែរ និងជាប្រទេសនាំចេញត្បូងមានពណ៌ លំដាប់លេខ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងហុងកុង។
ជម្រាបជូនផងដែរថា ចំពោះផលិតផលសំខាន់ៗដែលបានកត់ត្រាពីកំណើននៃការនាំចេញដ៏រឹងមាំ របស់ប្រទេសថៃ រួមមាន មាស គ្រឿងអលង្ការធ្វើពីមាស គ្រឿងអលង្ការធ្វើពីប្រាក់ ពេជ្រ និងពេជ្រកាត់៕