កាលពីថ្ងៃទី១៤ ខែឧសភា សេតវិមានបានលើកឡើងថា សហរដ្ឋអាមេរិកកំពុងដំឡើងពន្ធចំពោះទំនិញនាំចូលរបស់ចិនរួមមាន រថយន្តអគ្គិសនី អាគុយ ដែក និងសាធាតុរ៉ែសំខាន់ៗផ្សេងទៀត សរុបជាតម្លៃ ១៨ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
សេតវិមានបានបន្ថែមថា អត្រាពន្ធលើរថយន្តអគ្គិសនី ត្រូវបានដំឡើងពន្ធដល់ទៅបួនដង រហូតដល់ចំនួន១០០% នៅឆ្នាំនេះ ខណៈពន្ធលើគ្រឿងអេឡិចត្រូនិកនឹងកើនឡើងពី២៥% ទៅ៥០% នាឆ្នាំក្រោយ។ លើសពីនោះ ទីក្រុងវ៉ាស៊ីតោនក៏កំពុងដំឡើងពន្ធប្រហែលបីដង ចំពោះផលិតផលដែក អាលុយមីញ៉ូម អាគុយលីចូម-អ៊ីយ៉ុង ព្រមទាំងគ្រឿងបង្គុំអាគុយផងដែរ។
ទន្ទឹមនឹងនោះ ក្រសួងពាណិជ្ជកម្មរបស់ចិនបានជំរុញឲ្យទីក្រុងវ៉ាស៊ីតោនលុបចោលនូវវិធានការមួយនេះ ដោយព្រមានថា ពន្ធថ្មីរបស់សហរដ្ឋអាមេរិកនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិយាកាសនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ជាមួយគ្នា អ្នកនាំពាក្យរបស់រដ្ឋាភិបាលចិនលោក Wang Wenbin បានលើកឡើងថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។
យ៉ាងណាក៏ដោយ សេតវិមានបានបញ្ជាក់ថា វិធានការដំឡើងពន្ធយ៉ាងសម្បើមដូច្នេះ គឺមានគោលបំណងគាំទ្រចំពោះការវិនិយោគ និងបង្កើតការងារល្អៗ ដែលមានសារៈសំខាន់សម្រាប់អនាគតសេដ្ឋកិច្ច និងសន្តិសុខជាតិរបស់អាមេរិក។ ការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌របស់ប្រទេសចិនទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា និងការច្នៃប្រឌិតកំពុងគំរាមកំហែងដល់អាជីវកម្ម និងកម្មករអាមេរិក។ ម្យ៉ាងវិញទៀត ផលិតផលរបស់ប្រទេសចិនកំពុងវាយលុកទីផ្សារពិភពលោក ដ្បិតនាំចេញក្នុងតម្លៃទាប៕