រដ្ឋាភិបាលថៃ ចង់លក់ចេញអង្ករដែលស្តុកទុកចោលក្នុងឃ្លាំងអស់រយ:ពេល ១០ឆ្នាំ

អន្តរជាតិ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅថា រដ្ឋាភិបាលចង់លក់ចេញអង្ករស្តុកទុកចោលដែលមានអាយុកាល ១០ឆ្នាំមកហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Phumtham បានបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលថៃ ចង់ដាក់ដេញថ្លៃលក់អង្ករដែលនៅសល់ពីគម្រោងឧបត្ថមធនស្រូវដ៏ចម្រូងចម្រាសរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា មកម្លេះ ដូច្នេះរដ្ឋាភិបាលបច្ចុប្បន្ន អាចទាញប្រាក់ចំណូលបានខ្លះ។

យ៉ាងណាមិញ ដោយឆ្លើយតបទៅនឹងក្តីកង្វល់អំពីសារធាតុអាហ្វ្លតុកស៊ីន នៅក្នុងអង្ករអាយុកាល ១០ឆ្នាំ ដែលអាចបង្កជាជំងឺមហារីកនោះ លោក Phumtham បានធ្វើការអះអាងទៀតថា ប្រសិនបើគុណភាពអង្ករត្រូវបានកែលម្អដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប នោះវានឹងមានសុវត្ថិភាពក្នុងការបរិភោគ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ក៏បាននិយាយនៅមុននេះផងដែរថា រដ្ឋាភិបាលនឹងបញ្ជូនសំណាកអង្ករដែលមានអាយុរាប់ទសវត្សនេះ មកធ្វើតេស្តក្នុងមន្ទីរពិសោធ ដើម្បីធានាបាននូវសុវត្ថិភាពពេញលេញរបស់វា៕