រដ្ឋាភិបាលសហរដ្ឋអាមេរិក បានធ្វើការបញ្ជាឲ្យក្រុមហ៊ុនមួយដែលជាប់ទំនាក់ទំនងជាមួយប្រទេសចិន និងក្រុមហ៊ុនដៃគូរបស់ខ្លួនផ្សេងទៀត ឲ្យលក់ដីដែលពួកគេបានទិញ នៅជិតមូលដ្ឋានទ័ពអាកាសរបស់អាមេរិក នៅក្នុងរដ្ឋ Wyoming ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញចំណាត់ការថ្មីនេះ ត្រូវបានធ្វើឡើង ដោយសារតែមូលដ្ឋានទ័ពអាកាសនេះ គឺជាផ្នែកមួយនៃឃ្លាំងស្តុកទុកអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ហើយមានការព្រួយបារម្ភថាក្រុមហ៊ុនដែលធ្វើអាជីវកម្មក្នុងវិស័យរូបិយប័ណ្ណគ្រីបតូនេះ អាចជាប់ពាក់ព័ន្ធជាមួយនឹងការធ្វើចារកម្ម។
បើតាមសេតវិមាន បាននិយាយថាក្រុមហ៊ុន MineOne Partners Ltd ដែលជាកម្មសិទ្ធិរបស់ជនជាតិចិន បានចាប់ដៃគូជាមួយក្រុមហ៊ុនមួយផ្សេងទៀត ដើម្បីទិញយកដីមកធ្វើអាជីវកម្មលើការជីកយកកាក់គ្រីបតូ ក្នុងតំបន់នោះ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២២ មក ខណ:ឥឡូវនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានទុកពេលឲ្យពួកគេ ១២០ថ្ងៃ ដើម្បីលក់ដីអចលនទ្រព្យនេះវិញ។
ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីហានិភ័យសន្តិសុខជាតិដែលបង្កឡើងដោយការទិញ ឬគ្រប់គ្រងទ្រព្យសម្បត្តិណាមួយដែលនៅជិតទីតាំងយោធា ក្នុងទឹកដីសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនរបស់ប្រទេសចិន៕