ម៉ាឡេស៊ី វ៉ាដាច់ប្រទេសថៃ ក្លាយជាទីផ្សាររថយន្តធំបំផុតទីពីរ នៅក្នុងតំបន់អាស៊ាន

អន្តរជាតិ

ម៉ាឡេស៊ី បានវ៉ាដាច់ប្រទេសថៃ ក្នុងនាមជាប្រទេសមានទីផ្សាររថយន្តធំជាងគេបំផុតទីពីរ របស់តំបន់អាស៊ីអាគ្នេយ៍ ដោយតាមពីក្រោយឥណ្ឌូណេស៊ីដែលជាទីផ្សាររថយន្តធំជាងគេបំផុតក្នុងតំបន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Nikkie Asia ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសមាគមយានយន្តម៉ាឡេស៊ី បានបង្ហាញឲ្យដឹងថា ការលក់រថយន្តរបស់ប្រទេសខ្លួន បានកើនឡើង ៥% នៅក្នុងត្រីមាសទីមួយឆ្នាំនេះ ដល់ចំនួន ២០២ ២៤៥ គ្រឿង បន្ទាប់ពីមានការកើនឡើង ១១% ក្នុងឆ្នាំ២០២៣ ដល់ចំនួនបំបែកកំណត់ត្រា ៧៩៩ ៧៣១ គ្រឿង។

គួរឲ្យដឹងផងដែរថា ការលើកលែងពន្ធលើការលក់សម្រាប់យានយន្តដែលផលិតក្នុងស្រុក គឺជាផ្នែកដ៏សំខាន់បំផុតមួយចំពោះការកើនឡើងនេះ ដោយវាបានផ្តល់ការរុញច្រានដល់ម៉ាកយីហោរថយន្តក្នុងស្រុកដូចជា Perodua និង Proton ដើម្បីដណ្តើមចំណែកប្រហែល ៦០% នៃទីផ្សាររថយន្តសរុប។

ដោយឡែកចំពោះប្រទេសថៃវិញ ដែលធ្លាប់តែកាន់តំណែងកំពូលមួយនៅទីផ្សាររថយន្តក្នុងតំបន់ បែរជាបានឃើញការលក់របស់ខ្លួនធ្លាក់ចុះដល់ ២៥% នៅក្នុងត្រីមាសទីមួយឆ្នាំនេះ បើធៀបនឹងទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ ការលក់រថយន្តប្រចាំខែរបស់ប្រទេសថៃ ក៏បានធ្លាក់ចុះខ្លាំងផងដែរ ដោយសារការកើនឡើងនៃអត្រាការប្រាក់កម្ចីទិញរថយន្ត និងការប្រើប្រាស់ទូទៅស្ថិតនៅទ្រឹងមិនមានការផ្លាស់ប្តូរ៕