នារសៀលថ្ងៃទី១៥ ខែឧសភា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ត្រូវបានជនមិនស្គាល់មុខលួចធ្វើឃាត ដោយបានបាញ់ប្រហារលើរូបលោកជាច្រើនគ្រាប់ ខណៈបច្ចុប្បន្ន លោកកំពុងមានរបួសធ្ងន់ និងស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញថា ការលួចធ្វើឃាតនេះកើតឡើងនៅក្នុងចំណុចមួយ នៃទីក្រុង Handlova បន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះ បញ្ចប់កិច្ចប្រជុំនៅទីនោះ។
ក្រោយកើតហេតុការណ៍ភ្លាមៗ ក្រុមការងាររបស់លោក Fico បានបញ្ជូនលោកទៅមន្ទីរពេទ្យក្បែរនោះយ៉ាងប្រញាប់ប្រញាល់ ស្របពេលជនសង្ស័យក៏ត្រូវបានចាប់ខ្លួនភ្លាមៗផងដែរ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការសាកសួរចម្លើយពីក្រុមប៉ូលិស។
សូមជម្រាបដែរថា ក្រៅពីលោក Fico ដែលត្រូវបានខ្មាន់កាំភ្លើងធ្វើការវាយប្រហារនោះ មិនមានបុគ្គលផ្សេងទៀតឡើយ ដែលរងរបួស ពោលគឺមានតែលោកម្នាក់គត់ ហើយបច្ចុប្បន្ននេះ គ្រូពេទ្យអះអាងថា លោកមានរបួសធ្ងន់ធ្ងរខ្លាំង ហើយក្រុមគ្រូពេទ្យកំពុងព្យាយាមជួយសង្គ្រោះរូបលោកដូចគ្នា៕